ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះអង់គ្លេស ដកខ្លួនចេញពីសមយុទ្ធរបស់អង្គការណាតូ ដោយសារបញ្ហាក្បាលម៉ាស៊ីន

រូបភាពពី៖​ AFP

ឡុងដ៍៖ នាវាផ្ទុកយន្តហោះទំនើបមួយគ្រឿងក្នុងចំណោមនាវាផ្ទុកយន្តហោះទំនើបបំផុតពីរគ្រឿងរបស់ចក្រភពអង់គ្លេស នឹងមិនចូលរួមក្នុងសមយុទ្ធដ៏ធំបំផុតរបស់អង្គការណាតូ នៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមត្រជាក់ បន្ទាប់ពីការត្រួតពិនិត្យនៅនាទីចុងក្រោយបានរកឃើញបញ្ហាជាមួយនឹងក្បាលម៉ាស៊ីន។

នាវា HMS Queen Elizabeth ដែលនឹងត្រូវចេញដំណើរនៅថ្ងៃអាទិត្យ (ទី០៤ ខែកុម្ភៈ) សម្រាប់លំហាត់សមយុទ្ធ Steadfast Defender នឹងត្រូវបានជំនួសដោយកប៉ាលនាវា HMS Prince of Wales ។ នាវាទាំងពីរនេះត្រូវបានកំណត់ថា ជានាវាផ្ទុកយន្តហោះលំដាប់ Queen Elizabeth និងបង្កើតជាសមាសធាតុកណ្តាលនៃក្រុមនាវាដឹកយន្តហោះចក្រភពអង់គ្លេស។

ប្រភពពី Royal Navy បានឲ្យដឹងនៅលើ X ថាបញ្ហាមួយជាមួយនឹង “ការភ្ជាប់គ្នានៅលើផ្នែកខាងដើមនៃ propeller shaft” នៅលើនាវា HMS Queen Elizabeth ត្រូវបានរកឃើញនៅក្នុងការត្រួតពិនិត្យជាប្រចាំមុនពេលចេញដំណើរ ហើយនាវា HMS Prince of Wales នឹងចេញដំណើរ “ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន”។

កាសែតអង់គ្លេស The Financial Times បានចុះផ្សាយថា ការផ្លាស់ប្តូរផែនការនៅនាទីចុងក្រោយគឺ “អាម៉ាស់ខ្លាំង ហើយនឹងធ្វើឱ្យមានការព្រួយបារម្ភអំពីដែនកំណត់នៃសមត្ថភាពរបស់លងទ័ពជើងទឹក Royal Navy” ។

បញ្ហានៅលើនាវា HMS Queen Elizabeth បានកើតឡើងតិចជាង ២ឆ្នាំបន្ទាប់ពីនាវា HMS Prince of Wales ត្រូវបានដកចេញពីលំហាត់ហ្វឹកហ្វឺនជាមួយសហរដ្ឋអាមេរិក និងកាណាដា នៅអាមេរិកខាងជើង ដោយសារបញ្ហាម៉ាស៊ីន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top