ព័ត៌មានអន្តរជាតិ

ការលក់កុំព្យូទ័រ យួរដៃរបស់ Apple ម៉ាកអាមេរិក កំពុងកើនឡើងនៅរុស្ស៊ី

RT

បរទេស៖ កាសែត Izvestia នៅក្នុងប្រទេសរុស្ស៊ី បានរាយការណ៍ដោយដកស្រង់ សម្តីអ្នកលក់រាយថា ការលក់កុំព្យូទ័រ MacBook Air និង Pro របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសរុស្ស៊ីបានកើនឡើង 20% ពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យា យក្សមួយនេះ បានចាកចេញពីប្រទេសរុស្ស៊ីនៅឆ្នាំ ២០២២ ក៏ដោយ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុន Apple បានបញ្ឈប់ការលក់ផលិតផល របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០២២ ក្រោមសម្ពាធ ទណ្ឌកម្ម ប៉ុន្តែ App Store និងសេវាកម្មជាវមួយចំនួន នៅតែដំណើរការនៅក្នុងប្រទេសរុស្ស៊ីដដែល ។ កំណើនដ៏ខ្លាំង នៃការលក់កុំព្យូទ័រយួរដៃនៅឆ្នាំ ២០២៣ ផ្ទុយនឹងការនិទានតគ្នាដែលថា ទំនិញរបស់ក្រុមហ៊ុនដូចជា Apple កាន់តែខ្វះខាតនៅក្នុងប្រទេសរុស្ស៊ី។

កាលពីឆ្នាំមុន ភាគហ៊ុនឧបករណ៍របស់ Apple នៅក្នុងទីផ្សាររុស្ស៊ីបានចុះបញ្ជីកំណើន ពីមួយឆ្នាំទៅមួយឆ្នាំដល់ទៅ 6%។

ក្រុមហ៊ុន Apple បានរក្សាភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងការលក់កុំព្យូទ័រយួរដៃនៅហាង នៃបណ្តាញលក់រាយគ្រឿងអេឡិចត្រូនិកធំៗរបស់រុស្ស៊ី M.Video-Eldorado , នេះបើយោងតាមលោក Aleksander Afonin ដែលជាអ្នកគ្រប់គ្រងផលិតផល នៅក្រុមហ៊ុននេះ ដែលត្រូវបានដកស្រង់ដោយ Izvestia ។

ទន្ទឹមនឹងនេះ ប្រធានផ្នែកអេឡិចត្រូនិកនៅ MTS លោកស្រី Nina Plastinina បាននិយាយថា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើង ដោយសារអ្នកលក់រាយអាចទទួល បានខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ ។ លោកស្រីបានបន្ថែមថា នេះបានបង្កើនការប្រកួតប្រជែង ហើយទីបំផុតផ្តល់ជូនអតិថិជន នូវតម្លៃកាន់តែប្រសើរ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top