ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្ដេជ្ញាមិនចាកចេញពីតុចរចា ដោយទទូចលើសិទ្ធិអភិវឌ្ឍន៍នុយក្លេអ៊ែរ ដើម្បីសន្ដិភាព

រូបភាពពី៖​ XINHUA

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកនឹងមិនចាកចេញពីតុចរចាឡើយ ហើយទទូចលើសិទ្ធិរបស់ខ្លួនក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណង “សន្តិភាព”។

លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុងពិធីមួយដែលមានការចូលរួមដោយឯកអគ្គរដ្ឋទូតបរទេសនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ ដើម្បីប្រារព្ធខួបលើកទី៤៥ នៃជ័យជំនះនៃបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ របស់ប្រទេសនេះ ដែលត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យរបស់លោក។ 

លោកបានកត់សម្គាល់ថា អ៊ីរ៉ង់ តែងតែត្រៀមខ្លួនសម្រាប់ការផ្ទៀងផ្ទាត់លក្ខណៈសន្តិភាពនៃសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ដោយបន្ថែមថាប្រជាជនអ៊ីរ៉ង់ មានសិទ្ធិ “មិនអាចកាត់ផ្តាច់បាន” ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដោយសន្តិវិធីក្នុងវិស័យនានារួមទាំងឱសថ ឧស្សាហកម្ម និងកសិកម្ម។

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានលើកឡើងថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិមាន ១៥ ដងនៅក្នុងរបាយការណ៍របស់ខ្លួនបានបញ្ជាក់ថាមិនមាន “ការបង្វែរ” នៅក្នុងសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះទេ។

លោកបានបន្ដថា លោកខាងលិចតាមរយៈការដាក់ទណ្ឌកម្ម បានបរាជ័យក្នុងការរារាំងទីក្រុងតេអេរ៉ង់ ពីការធ្វើការឆ្ពោះទៅរកគោលដៅរបស់ខ្លួន ហើយ “សម្ពាធអតិបរមា” របស់សហរដ្ឋអាមេរិកទៅលើប្រទេសនេះ បានបញ្ចប់នៅក្នុង “ការបរាជ័យយ៉ាងធ្ងន់ធ្ងរ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top