ព័ត៌មានអន្តរជាតិ

ពលរដ្ឋប៉ាឡេស្ទីនជាង របួស ១១,០០០នាក់ កំពុងរងរបួស និងមានជំងឺ ហើយត្រូវការការព្យាបាល ជាបន្ទាន់នៅខាងក្រៅតំបន់ហ្គាហ្សា

Xinhua


ហ្គាហ្សា៖ យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនដែលរងរបួស និងធ្លាក់ខ្លួនឈឺជាង ១១,០០០នាក់ នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវការជាបន្ទាន់ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀត ដើម្បីព្យាបាល។

អ្នកនាំពាក្យក្រសួងលោក Ashraf Al-Qedra បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកជំងឺត្រូវការជួយសង្គ្រោះជីវិតរបស់ពួកគេ ដោយសារក្រសួងមិនអាចផ្តល់សេវាវេជ្ជសាស្រ្តទាំងអស់សម្រាប់ពួកគេ ចំពេលខ្វះខាតបុគ្គលិក និងឧបករណ៍ពេទ្យ ដែលជាលទ្ធផលនៃសង្រ្គាមអ៊ីស្រាអែលដែលកំពុងបន្តនៅតំបន់ហ្គាហ្សា”។

លោក Al-Qedra បានបន្ថែមថា “បច្ចុប្បន្ននេះ ក្រសួងអាចដំណើរការផ្នែកខ្លះនៃមន្ទីរពេទ្យនៅភាគខាងជើងហ្គាហ្សា ប៉ុន្តែយើងត្រូវការការមកដល់នៃការផ្គត់ផ្គង់ និងប្រេងឥន្ធនៈ និងការវិលត្រឡប់នៃក្រុមគ្រូពេទ្យពីភាគខាងត្បូង ដើម្បីបន្តការងាររបស់ពួកគេ” ។

លោកបានកត់សម្គាល់ថា ភាគខាងជើងនៃច្រូត និងទីក្រុងហ្គាហ្សា កំពុងជួបប្រទះនូវស្ថានភាពសុខភាព និងមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយសារតែការវាយប្រហារ និងការឡោមព័ទ្ធរបស់អ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះហ្គាហ្សា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

ជាងនេះទៅទៀត ប្រជាជនប៉ាឡេស្ទីន ២៧,៧០៨នាក់ រួមទាំងស្ត្រី និងកុមារ រហូតមកដល់ពេលនេះ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សា ខណៈដែលមនុស្ស ៦៧,១៤៧ នាក់ផ្សេងទៀតបានរងរបួស៕
ប្រែសម្រួល ឈូក បូរ៉ា

To Top