នៅវេលាម៉ោង ៨ យប់ ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤ (គឺថ្ងៃដាច់ឆ្នាំចិន) តាមម៉ោងក្រុងប៉េកាំង កម្មវិធីទូរទស្សន៍ដ៏អស្ចារ្យប្រចាំឆ្នាំដែលគួរឱ្យចាប់អារម្មណ៍បំផុតលើពិភពលោកនឹងចាប់ផ្តើមប្រារព្ធឡើង។ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងជួបជាមួយទស្សនិកជនទូទាំងពិភពលោកតាមការណាត់។
ក្នុងនាមជាកម្មវិធីទូរទស្សន៍ដែលមានទស្សនិកជនច្រើនបំផុតលើពិភពលោកដែលត្រូវបានទទួលស្គាល់ដោយ Guinness World Records កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានក្លាយជាមហោស្រពវប្បធម៌ដ៏ឱឡារិកមួយសម្រាប់ជនជាតិចិនជុំវិញពិភពលោកដើម្បីចែករំលែកភាពសប្បាយរីករាយ និងអបអរឆ្នាំថ្មីចិន ហើយថែមទាំងផ្តល់ឱ្យពិភពលោកនូវបង្អួចមួយសម្រាប់ឈ្វេងយល់ពីវប្បធម៌ចិន និងពិធីបុណ្យចូលឆ្នាំថ្មីចិនផងដែរ។
សូមបញ្ជាក់ថា កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានចាក់ផ្សាយនៅយប់ថ្ងៃដាច់ឆ្នាំចិនជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៨៣ ដែលបានប្រារព្ធឡើង ៤១ លើកជាប់ៗគ្នា។ នៅឆ្នាំនេះ វានឹងចែករំលែកភាពទាក់ទាញនៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសចិនទៅកាន់ពិភពលោកម្តងទៀត។
បណ្តាញCGTN (បណ្តាញទូរទស្សន៍អន្តរជាតិចិន) ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មីទៅកាន់បរទេសដោយប្រើ ៦៨ ភាសា នឹងរួមសហការជាមួយប្រព័ន្ធផ្សព្វផ្សាយជាង ២១០០ នៃប្រទេសនិងតំបន់ចំនួន ២០០ ជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជា សហរដ្ឋអាមេរិក កាណាដា រុស្ស៊ី ជប៉ុន និងឡាវ ដើម្បីផ្សាយបន្តផ្ទាល់និងរាយការណ៍ពីកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន៕