ព័ត៌មានអន្តរជាតិ

ប្រមុខ​យូអិន ថ្កោលទោសកូរ៉េ​ខាង​ជើង ​ជុំវិញ​ការ​បាញ់​សាកល្បងមីស៊ីល និងការ​ចាប់​ពង្រត់​ជនជាតិ​ជប៉ុន

រូបភាពពី៖​ Kyodo

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសប្រទេសកូរ៉េខាងជើង សម្រាប់ការបន្តការសាកល្បងកាំជ្រួចមីស៊ីលផ្លោង ដោយផ្គើននឹងដំណោះស្រាយ ដែលបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខរបស់ស្ថាប័នពិភពលោក និងការខកខានមិនបានផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីជនជាតិជប៉ុន ដែលត្រូវបានចាប់ពង្រត់។

លោក Guterres បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការរាល់ការប៉ុនប៉ងរបស់កូរ៉េខាងជើង ដើម្បីបាញ់មីស៊ីល ឬអភិវឌ្ឍអាវុធនុយក្លេអ៊ែរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

អគ្គលេខាធិការបានលើកឡើងថា វាចាំបាច់ណាស់ដែលកូរ៉េខាងជើង គោរពតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលហាមប្រាមរាល់សកម្មភាពប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង។

កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ជា​ច្រើន​គ្រាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ប្រទេសនេះ ក៏បានបញ្ជូនផ្កាយរណបចារកម្មចូលទៅក្នុងគន្លងរបស់ផែនដីកាលពីឆ្នាំមុនដោយប្រើរ៉ុក្កែត ដែលជាផ្នែកមួយនៃងកម្មវិធីអវកាសដែលក៏ជាការរំលោភលើដំណោះស្រាយដោយសារតែវាប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោងដែលត្រូវបានហាមឃាត់។

ក្រុមប្រឹក្សាសន្តិសុខបានកោះប្រជុំម្តងហើយម្តងទៀតបន្ទាប់ពីការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ប៉ុន្តែការយល់ស្របលើវិធីដោះស្រាយពួកគេមានភាពច្របូកច្របល់ ដោយសារតែការបែកគ្នារវាងសមាជិកអចិន្ត្រៃយ៍ដែលប្រើវេតូដូចជាសហរដ្ឋអាមេរិក រុស្ស៊ី និងចិន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top