ស្នូរជួងឆ្នាំថ្មីតាមចន្ទគតិចិនបានបន្លឺឡើង ប្រជាជនចិនចំនួនជាង១ពាន់លាននាក់បានអបអរទទួលឆ្នាំរោងប្រពៃណីចិន ។ ក្នុងវប្បធម៌ប្រពៃណីប្រជាជាតិចិន សត្វរោងមានន័យថា ខិតខំប្រឹងប្រែង សិរីមង្គលនិងកម្លាំង ។ ឆ្នាំរោងត្រូវគេចាត់ទុកថា ជាឆ្នាំដ៏មានសិរីមង្គល ហើយក៏មានន័យថា បាននិងកំពុងសម្រេចបាននូវក្តីសង្ឃឹមនិងសុបិនរបស់ប្រជាជននិងប្រទេសជាតិ យុគសម័យថ្មីបាននិងកំពុងឈានមកដល់ ។
នៅឆ្នាំ២០២៣ ប្រទេសចិនបានទប់ទល់នឹងសម្ពាធខាងក្រៅ ពុះពារឧបសគ្គនៅផ្ទៃក្នុង សេដ្ឋកិច្ចជាតិចិនបានងើបឡើងវិញ ដោយមានភាពល្អប្រសើរ ។ នៅពេញមួយឆ្នាំ ផលិតផលក្នុងស្រុកសរុបបានលើសពី ១២៦ទ្រីលានយាន់ប្រាក់ចិន បានកើនជាង៥,២ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលបានឈរនៅលំដាប់នាំមុខក្នុងចំណោម អង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោក ។ យោងតាមសេដ្ឋកិច្ចបានងើបឡើងវិញជាបន្តបន្ទាប់ ចំណូលរបស់ប្រជាជនក៏បានរក្សាភាពនឹងនរ ដែលបានផ្តល់ការទ្រទ្រង់ដ៏សំខាន់ដល់ការ លើកកម្ពស់សមត្ថភាពចំណាយរបស់ប្រជាជន ។
មុននឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មិនថាវេទិកាទិញទំនិញតាមអនឡាញឬមួយក៏ផ្សារទំនើប ទំនិញមានគុណភាពខ្ពស់ដែលមកពីតំបន់នានានៅទូទាំងពិភពលោក ទទួលប្រជាប្រិយភាពពីសំណាក់ប្រជាជនចិន ហើយបានដាក់ទំនិញបរទេសពេញរទេះទិញអីវ៉ាន់ សម្រាប់ចូលឆ្នាំថ្មីចិន។ “សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីចិន” ដែលមានភាពអ៊ូអរនិងវិបុលភាព បានក្លាយជាឱកាសពាណិជ្ជកម្មរបស់សហគ្រានៃបណ្តាប្រទេសនានាដែលមិនអាចឱ្យកន្លងហួសបាន ហើយទីផ្សារប្រើប្រាស់ដ៏ខ្លាំងក្លាក៏បានឆ្លុះបញ្ចាំងពីភាពរស់រវើកនៃសេដ្ឋកិច្ចចិនផងដែរ ។
នៅក្នុងយុគសម័យនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ បាននិងកំពុងបញ្ជូនភាពចុះសម្រុងគ្នាទៅកាន់ពិភពលោកទាំងមូល ព្រមទាំងធ្វើឱ្យបុណ្យចូលឆ្នាំថ្មីចិនក្លាយជាកាលានុវត្តភាពមួយទៀត សម្រាប់ឱ្យប្រទេសចិននិងពិភពលោករួមគ្នាចែករំលែកនូវផលប្រយោជន៍អភិវឌ្ឍន៍ ។ នៅខែធ្នូ ឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៃបានធ្វើការពិគ្រោះពិភាក្សានិងអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចិត្ត ដែលបានកំណត់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាបុណ្យរបស់ចិន ហើយក៏ជាបុណ្យសកលផងដែរ នៅលើពិភពលោកទាំងមូល មានប្រទេសចំនួនជិត២០ បានកំណត់បុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិនជាថ្ងៃឈប់សម្រាកតាមផ្លូវច្បាប់ ។ ប្រជាជនចំនួន១ភាគ៥នៅលើពិភពលោក អបអរសាទរបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិនតាមទម្រង់ខុសៗគ្នា ប្រជាជនចិននិងបរទេសរួមគ្នាចែករំលែក វប្បធម៌បុណ្យចូលឆ្នាំចិនដែល ប្រកបដោយភាពសប្បាយរីករាយនិងសិរីមង្គល ។
នៅយប់ដាច់ឆ្នាំតាមចន្ទគតិចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានផ្សាយបន្តផ្ទាល់ឬផ្សាយដំណឹងអំពី រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ទៅកាន់ទស្សនិកជនពិភពលោកទាំងមូលតាមរយៈ៦៨ភាសា ឆ្លងតាមរយៈការទស្សនាកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ទស្សនិកជននៅទូទាំងពិភពលោកបានចែករំលែក នូវភាពសប្បាយរីករាយរបស់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងទទួលយកនូវភាពទាក់ទាញដ៏ពិសេសរបស់វប្បធម៌ប្រជាជាតិចិន រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក៏បានក្លាយទៅជានាមប័ណ្ណវប្បធម៌សម្រាប់ឱ្យ ពិភពលោកឈានចូលប្រទេសចិន និងយល់ដឹងពីប្រទេសចិនដែរ ។ ប្រទេសចិនក៏រីករាយផ្សព្វផ្សាយសិរីមង្គល របស់បុណ្យប្រពៃណីចិននេះទៅកាន់ពិភពលោក រួមសហការជាមួយបណ្តាប្រទេសនានា ផ្តួចផ្តើមឱ្យគោរពពិពិធកម្មនៃអរិយធម៌នៅលើពិភពលោក ក៏ដូចជាជំរុញការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នារវាងអរិយធម៌ខុសៗគ្នាផងដែរ ។
ការបើកទូលាយដោយគ្រប់ជ្រុងជ្រោយជុំថ្មី ដែលមានក្របខណ្ឌកាន់តែធំ វិស័យកាន់តែទូលាយ និងស្រទាប់កាន់តែស៊ីជម្រៅ បាននិងកំពុងផ្តល់កម្លាំងចលករ ឥតឈប់ឈរដល់សេដ្ឋកិច្ចចិន ចំណែកឯ”សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីចិន” បាននិងកំពុងជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ សកលឱ្យរក្សាដំណើរការយ៉ាងលឿន នេះហើយក៏ជាការឆ្លុះបញ្ចាំងដ៏រស់រវើក នៃការបើកទូលាយកម្រិតខ្ពស់របស់សេដ្ឋកិច្ចចិនផងដែរ ។
ស្ថាប័នអន្តរជាតិជាច្រើន ក្នុងនោះបូករួមទាំងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ផងដែរបានសម្គាល់ឃើញថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចចិនបានបង្ហាញពីភាពធន់យ៉ាងពេញលេញជាទូទៅ ព្រមពេលជាមួយគ្នានេះ បានដំឡើងការប៉ាន់ប្រមាណចំពោះកំណើន GDP របស់ប្រទេសចិននៅឆ្នាំ២០២៤ ។ ក្នុងបរិបទដែលកំណើនសេដ្ឋកិច្ចសកលបានបង្អង់ល្បឿន សេដ្ឋកិច្ចចិននៅតែរក្សានិន្នាការងើបឡើងវិញ និងកើនឡើងដោយនឹងនរ គួបផ្សំទាំងភាពអ៊ូអររបស់ទីផ្សារ ប្រើប្រាស់ក្នុងបុណ្យចូលឆ្នាំថ្មីចិនទៀត បានបង្ហាញឱ្យឃើញនូវសក្តានុពលធំក្នុងទីផ្សារចិន ភាពធន់យ៉ាងខ្លាំងក្លារបស់សេដ្ឋកិច្ចចិន និងឥរិយាបថរបស់ប្រជាជនចិន ដែលមានវិចារណញ្ញាណនិងជំនឿចិត្តលើខ្លួនឯង ។ ប្រទេសចិនជាទីផ្សារប្រើប្រាស់ដ៏ធំធេង សហគ្រាសនៃបណ្តាប្រទេសនានាលើសកលលោក សុទ្ធតែរំពឹងចង់ស្វែងយល់ពីប្រទេសចិន និងធ្វើអាជីវកម្មនៅប្រទេសចិន ហើយសុទ្ធតែសង្ឃឹមថានឹងទទួលបានការអភិវឌ្ឍ និងសមិទ្ធផលក្នុងទីផ្សារដែលមានសក្តានុពលដ៏ធំធេងមួយនេះ ។
ឆ្នាំ២០២៤ ជាខួបទី៧៥នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន ប្រទេសចិននឹងពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ដើម្បីបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លា ដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ប្រទេសចិនមិនត្រឹមតែអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏នឹងក្រសោបយ៉ាងសកម្មជាមួយពិភពលោក ចាប់ដៃគ្នាជាមួយបណ្តាប្រទេសនានា ខិតខំប្រឹងប្រែងបោះជំហានទៅមុខ ដើម្បីរួមចំណែកកាន់តែថ្មី និងកាន់តែធំក្នុងការជំរុញការបង្កើតសហគមន៍ រួមវាសនារបស់មនុស្សជាតិ ក៏ដូចជាកសាងពិភពលោក ដែលមានភាពកាន់តែល្អបវរ ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន