ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី​ អ៊ីស្រាអែល បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​ខ្លួន សម្រាប់​ប្រតិបត្តិការ ​ជើងគោក​នៅ​រ៉ាហ្វា នៃ​តំបន់​ហ្គាហ្សា

រូបភាព៖ Xinhua

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យ កងទ័ពរៀបចំផែនការ សម្រាប់ប្រតិបត្តិការជើងគោក នៅរ៉ាហ្វា ដែលជាទីក្រុងហ្គាហ្សា ភាគខាងត្បូងបំផុត ទៅកាន់កន្លែង ដែលប្រជាជនជាងពាក់កណ្តាលនៃអ្នកស្រុកហ្គាហ្សា ជាង ២,៣លាននាក់បានភៀសខ្លួន ដោយសារតែជម្លោះ កំពុងបន្តរវាង អ៊ីស្រាអែល-ក្រុមហាម៉ាស។

ការិយាល័យ របស់លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យកងទ័ព និងស្ថាប័នសន្តិសុខដាក់ជូនគណៈរដ្ឋមន្ត្រី “ផែនការរួម សម្រាប់ការជម្លៀសប្រជាជនហ្គាហ្សា និងបំផ្លាញកងវរសេនាតូចហាម៉ាស់” នៅរ៉ាហ្វា ដែលពីមុនត្រូវបានចាត់ទុកថាជា  តំបន់សុវត្ថិភាពពីការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល។

ប្រធានាធិបតីប៉ាឡេស្ទីន នៅថ្ងៃសុក្រ បានថ្កោលទោសសេចក្តីថ្លែងការណ៍ របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ទាក់ទងនឹងផែនការចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្រ្ទីប។

មុននេះ សេចក្តីថ្លែងការណ៍ ដែលចេញដោយការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យកងទ័ពរៀបចំការជម្លៀសនៅច្រករ៉ាហ្វា និងចាប់ផ្តើមប្រតិបត្តិការយោធា ដើម្បីលុបបំបាត់នូវអ្វីដែលនៅសេសសល់នៃកងពលតូចហាម៉ាស។

សេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីប៉ាឡេស្ទីន បានឲ្យដឹងថា “វាច្បាស់ណាស់ថា ប្រតិបត្តិការយោធាដ៏ធំមួយនៅតំបន់រ៉ាង្វា នឹងបង្ខំឱ្យយើងជម្លៀសជនស៊ីវិលចេញពីតំបន់ប្រយុទ្ធ” ។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឱ្យរដ្ឋាភិបាល អ៊ីស្រាអែល និងរដ្ឋបាលសហរដ្ឋអាមេរិក ទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាក ដោយសង្កត់ធ្ងន់លើគ្រោះថ្នាក់នៃគោលនយោបាយបំផ្លិចបំផ្លាញបែបនេះ។

ប្រធានាធិបតី​ បាន​បញ្ជាក់​ថា ប្រជាជន​ប៉ាឡេស្ទីន នឹង​មិន​បោះបង់​ទឹកដី​របស់​ខ្លួន ហើយ​នឹង​មិន​ទទួល​យក​ការ​ផ្លាស់​ទីលំនៅ​ពី​ប្រទេស​កំណើត​របស់​ពួកគេ​ឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។លោកបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទទួលបន្ទុករបស់ខ្លួន ដោយសារតែ “ការកាន់កាប់របស់ជំហាននេះគំរាមកំហែងដល់សន្តិសុខ និងសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ហើយនេះលើសពីបន្ទាត់ក្រហមទាំងអស់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top