ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ អះអាងថា ចិន បង្ហោះបាល់ឡុង ជាច្រើនរំលង ពីលើដែនដីរបស់ខ្លួន

រូបភាព៖ Afp

តៃប៉ិ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ខ្លួនបានរកឃើញបាល់ឡុងហោះរបស់ប្រទេសចិនចំនួន៨ ត្រូវបានបង្ហោះឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោងមុន ដែលក្នុងនោះ បាល់ឡុងចំនួន៥ បានហោះឆ្លងកាត់កោះតៃវ៉ាន់ ដែលជាថ្ងៃទី២ជាប់ៗគ្នា ត្រូវបានគេរាយការណ៍ថា មានបាល់ឡុងហោះជាច្រើន ។

កោះតៃវ៉ាន់ ដែលប្រទេសចិន អះអាងថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរតាំងពីខែធ្នូ អំពីបាល់ឡុង ដោយបានលើកឡើងថា វាគឺជាការគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍ និងការប៉ុនប៉ងធ្វើសង្គ្រាមចិត្តសាស្ត្រទៀតផង ។

នៅក្នុងរបាយការណ៍ប្រចាំថ្ងៃ របស់ខ្លួនស្តីពីសកម្មភាពយោធា របស់ប្រទេសចិន ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងថា ខ្លួនបានប្រទះឃើញបាល់ឡុង ហោះជាលើកដំបូង កាលពីព្រឹកថ្ងៃសៅរ៍ និងចំនួនពាក់កណ្តាលទៀត ត្រូវបានបង្ហោះកាលពីថ្ងៃរសៀល ដោយបានប្រទះឃើញចំនួនបាល់ឡុងដូចគ្នាដែរកាលពីថ្ងៃសុក្រ ។

បាល់ឡុងហោះចំនួន៥ បានឆ្លងកាត់តំបន់ភាគខាងជើង និងភាគកណ្តាលនៃកោះតៃវ៉ាន់ នេះបើយោងតាមផែនទី ដែលផ្តល់ដោយក្រសួងខាងលើ ។

ក្រសួងការពារជាតិចិន មិនបានលើកទូរស័ព្ទ ដើម្បីស្វែងរកការអត្ថាធិប្បាយទេ នៅថ្ងៃអាទិត្យនេះ ហើយទាំងប្រទេសចិន និងកោះតៃវ៉ាន់ បច្ចុប្បន្នកំពុងប្រារព្ធ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top