គៀវ៖ រុស្ស៊ី បានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើទីក្រុង Kharkov របស់ប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សចំនួន៧នាក់ រួមទាំងកុមារតូចៗ ចំនួន៣នាក់ ដោយបង្កជាអណ្តាតភ្លើង និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះលំនៅដ្ឋានជាច្រើន ។
លោក Oleh Synehubov អភិបាលតំបន់ Kharkiv បានលើកឡើងថា កងកម្លាំងរុស្ស៊ី បានវាយលុកទីក្រុងកាលពីល្ងាចថ្ងៃសុក្រ ដោយបានវាយប្រហារទៅលើ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បណ្តាលឱ្យមានភ្លើងឆេះទ្រង់ទ្រាយធំជាច្រើន និងបានបំផ្លាញផ្ទះលំនៅដ្ឋាន យ៉ាងតិច១៥ខ្នង នៅភាគខាងកើតនៃទីក្រុង Kharkiv ។
លោកបានលើកឡើងនៅលើកម្មវិធីផ្ញើសារ Telegram យ៉ាងដូច្នេះថា “ជាលទ្ធផលនៃការវាយប្រហារបណ្តាលឲ្យ មនុស្សចំនួន៧នាក់ បានបាត់បង់ជីវិត នៅក្នុងចំណោមពួកគេ គឺមាន៣នាក់អាយុ៤ឆ្នាំ និងទារកអាយុប្រហែល៦ខែ” ។
លោកបានបញ្ជាក់ថា មនុស្សចំនួន៣នាក់ បានរងរបួស ។
កងទ័ពអាកាស របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា កងការពារដែនអាកាស និងក្រុមចល័ត នៃអ្នកប្រមាញ់យន្តហោះគ្មានមនុស្សបើក បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ចំនួន២៣គ្រឿង ក្នុងចំណោម៣១គ្រឿង ដែលបាញ់បង្ហោះដោយ ប្រទេសរុស្ស៊ី ដែលកំពុងតម្រង់គោលដៅ ទៅកាន់តំបន់ Kharkiv នៅភាគឦសាន នៃប្រទេសនេះ និងតំបន់ Odesa នៅភាគខាងត្បូងផងដែរ ៕
ដោយ៖ ម៉ៅ បុប្ផាមករា