បរទេស ៖ ឧត្តមសេនីយ៍ Carsten Breuer របស់កងទ័ពអាល្លឺម៉ង់ Bundeswehr បានអះអាងថា ប្រទេសអាល្លឺម៉ង់គួរតែបង្កើនកម្លាំងយោធារបស់ខ្លួន ដើម្បីត្រៀម សម្រាប់ជម្លោះដែលអាចកើតមានជាមួយរុស្ស៊ី ក្នុងរយៈពេល៥ឆ្នាំ ។ លោកបានអំពាវនាវឱ្យមាន “ការផ្លាស់ប្តូរចិត្តគំនិត” នៅក្នុងសង្គមអាល្លឺម៉ង់ ដោយទទូចថា ប្រទេសជាតិចាំបាច់ត្រូវបង្កើត ការទប់ស្កាត់ដែលអាចទុកចិត្តបាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ កាសែតអាល្លឺម៉ង់ Welt am Sonntag ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Breuer បានព្រមានថា ប្រទេសអាល្លឺម៉ង់មិនមាន “ពេលវេលាដែលគ្មានទីបញ្ចប់” ដើម្បីក្លាយជាអ្នកមានសង្គ្រាម ដោយអះអាងថា លទ្ធភាព នៃការប្រឈមមុខដាក់គ្នា ខាងយោធាជាមួយទីក្រុងម៉ូស្គូ គឺខ្ពស់បំផុតចាប់តាំង ពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់។
លោកបានព្យាករណ៍ថា “ប្រសិនបើខ្ញុំធ្វើតាមអ្នកវិភាគ ហើយឃើញសក្តានុពលគំរាមកំហែងផ្នែកយោធាមកពីប្រទេសរុស្ស៊ី នោះមានន័យថា ពេលវេលារៀបចំគឺពី ៥ឆ្នាំ ទៅ៨ឆ្នាំសម្រាប់ពួកយើង” ។
លោក Breuer ដែលបម្រើការជាអគ្គអធិការកិច្ចរបស់កងទ័ព Bundeswehr បានអះអាងថា “នេះមិនមានន័យថា នឹងមានសង្រ្គាមនៅពេលនោះទេ ប៉ុន្តែវាអាចទៅរួច”។
ឧត្តមសេនីយ Carsten Breuer ក៏មិនបានច្រានចោលការបញ្ចូលឡើងវិញនូវទម្រង់នៃការបម្រើយោធាជាកាតព្វកិច្ចនៅក្នុងប្រទេសអាល្លឺម៉ង់ ផងដែរ។ លោកបានកត់សម្គាល់ថា បញ្ហានៅតែត្រូវ បានពិភាក្សា ប៉ុន្តែបានលើកឡើងពី “គំរូស៊ុយអែត” ដែលគិតគូរពីការ បណ្តុះបណ្តាលយោធា ជាកាតព្វកិច្ចសម្រាប់ពលរដ្ឋភាគច្រើន ដែលបន្ទាប់មកក្លាយជាអ្នកបម្រុង។
ការអត្ថាធិប្បាយរបស់លោក Breuer ដែលជាឧត្តមសេនីយ៍ជាន់ខ្ពស់អាល្លឺម៉ង់នេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បាននិយាយកាលពីខែវិច្ឆិកាថា ប្រទេសអាល្លឺម៉ង់ត្រូវតែក្លាយជា ប្រទេស “មានសមត្ថភាពធ្វើសង្គ្រាម” ។ លោកបានទទូចម្តងទៀតក្នុងខែមករាថា ទីក្រុងប៊ែរឡាំង និងអង្គការណាតូទាំងមូល គួរតែបំពាក់អាវុធដោយសកម្មជាងមុន ដើម្បីអាច “ធ្វើសង្រ្គាមដែលបង្ខំយើង”៕
ប្រែសម្រួលៈ ណៃ តុលា
