ព័ត៌មានអន្តរជាតិ

ជប៉ុន ប្ដេជ្ញាផ្ដល់ជំនួយជាង ១០០លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងការកសាងប្រទេសឡើងវិញ

AFP

តូក្យូ៖ ប្រភពដែលដឹង អំពីបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុន នឹងសន្យាផ្តល់ជំនួយ ចំនួន ១៥,៨ ពាន់លានយ៉េន (១០៦ លានដុល្លារ) ដើម្បីគាំទ្រដល់ការកសាងឡើងវិញ នូវអ៊ុយក្រែនពីការខូចខាត ដោយសារសង្រ្គាម នៅក្នុងវិស័យចំនួន ៧ ដូចជាការកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ និងការដោះមីន ។

រដ្ឋាភិបាល នៃប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងយល់ព្រមលើការចូលរួម របស់ប្រទេសជប៉ុន នៅក្នុងការកសាងឡើងវិញ ក្រោយសង្គ្រាមរបស់ប្រទេសអឺរ៉ុប និង ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាង ១០ នៅសន្និសីទជប៉ុន-អ៊ុយក្រែន សម្រាប់ការជំរុញ ការកសាងឡើងវិញ សេដ្ឋកិច្ចដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៩ ខែកុម្ភៈ នៅទីក្រុងតូក្យូ។

សន្និសីទនៅទីក្រុងតូក្យូ ដែលនឹងត្រូវប្រារព្ធឡើងនៅមុន ខួបលើកទី២ នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈនឹងកើតមានឡើង នៅពេលដែលការព្រួយបារម្ភ កំពុងកើនឡើងអំពីការថយ ចុះការគាំទ្រផ្នែកយោធា សម្រាប់អ៊ុយក្រែន ពីបណ្តាប្រទេសលោកខាងលិច។

កាលពីខែមករា ទីក្រុងតូក្យូបានប្រកាសផ្តល់វិភាគទានចំនួន ៣៧លានដុល្លារ ដល់មូលនិធិណាតូ ដើម្បីផ្តល់ជំនួយបន្ថែមសម្រាប់អ៊ុយក្រែន រួមទាំងប្រព័ន្ធរាវរកយន្តហោះដ្រូន ប៉ុន្តែប្រទេសជប៉ុនមិនអាចផ្តល់ជំនួយយោធា នៅក្រោមរដ្ឋធម្មនុញ្ញសន្តិភាពរបស់ខ្លួន។

យោងតាមប្រភពបានឱ្យដឹងថា ជំនួយចំនួន ១៥,៨ ពាន់លានយ៉េន នឹងត្រូវបានប្រើ ដើម្បីផ្តល់ឧបករណ៍ដោះមីន និងស្ពានបណ្តោះអាសន្ន ក្នុងចំណោមធនធានផ្សេងទៀត ដែលត្រូវការជាបន្ទាន់ ដើម្បីលើកកម្ពស់ កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ របស់ប្រទេស ដែលហែកហួរដោយសង្គ្រាម។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal និងលោក Masakazu Tokura ប្រធានសហព័ន្ធធុរកិច្ច ជប៉ុន ដែលគេស្គាល់ថា Keidanren នឹងចូលរួមសន្និសីទសាងសង់ឡើងវិញ រួមជាមួយនឹងមន្ត្រីរដ្ឋាភិបាល និងសាជីវកម្មប្រមាណ ៣០០នាក់ផ្សេងទៀត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top