យេរ៉ូសាឡឹម៖ នៅក្នុងជំរុំជនភៀសខ្លួននៅតំបន់ West Bank ដែលកាន់កាប់ដោយប្រទេសអ៊ីស្រាអ៊ែល ដែលមានពលរដ្ឋប៉ាឡេស្ទីនរស់នៅទីនោះ ដែលពួកគេពឹងផ្អែកលើទីភ្នាក់ងារ អង្គការសហប្រជាជាតិ ហៅកាត់ថា UNRWA សម្រាប់ការអប់រំ និងការថែទាំសុខភាព មានការព្រួយបារម្ភថា សេវាសំខាន់ៗនឹងត្រូវកាត់ផ្តាច់ ដោយសារម្ចាស់ជំនួយបានផ្អាកការផ្តល់មូលនិធិ ជុំវិញការចោទប្រកាន់សមាជិកបុគ្គលិក បានចូលរួមក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស់ ។
ភាគច្រើននៃការផ្តោតទៅលើ ជោគវាសនារបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន គឺផ្អែកលើប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាដែលត្រូវបាន បំផ្លិចបំផ្លាញដោយសង្រ្គាម ដែលវាមានសារៈសំខាន់ចំពោះ កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ សម្រាប់ប្រជាជនចំនួន២,៣លាននាក់នៃក្រុមនេះ ។
ប៉ុន្តែទីភ្នាក់ងារមួយនេះក៏ជាខ្សែជីវិត សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅទូទាំងមជ្ឈឹមបូព៌ា រួមទាំងនៅតំបន់ West Bank ដែលទីភ្នាក់ងារនេះបានបម្រើការ សម្រាប់ជួយដល់មនុស្សជាង ៨៧០.០០០នាក់ ដោយធ្វើឲ្យមានដំណើរការ សាលារៀនចំនួន៩៦កន្លែង និងកន្លែងថែទាំសុខភាពបឋមចំនួន ៤៣កន្លែងផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា