ព័ត៌មានអន្តរជាតិ

ភាព​តានតឹង​បន្ដកើន​ឡើង​ នៅ​តំបន់​ហ្គាហ្សា ខណៈ​អ៊ីស្រាអែល​វាយឆ្មក់​ក្រុង​រ៉ាហ្វា

រូបភាពពី៖​ XINHUA

យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយឆ្មក់ទីក្រុងរ៉ាហ្វា កាលពីព្រឹកថ្ងៃចន្ទ និងបានជួយសង្គ្រោះចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលពីរនាក់ដែលកំពុងឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា។

ការវាយឆ្មក់នេះបានសម្លាប់មនុស្សជាង ១០០ នាក់ និងរាប់រយនាក់ទៀតរងរបួស នេះបើយោងតាមក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា។

ក្រុមអ្នកវិភាគបានព្រមានថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា រួមទាំងការវាយឆ្មក់ និងការលុកលុយទ្រង់ទ្រាយធំ ដែលមានសក្តានុពលនោះ ត្រូវបានគេកំណត់ថា នឹងបង្កឱ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យស្ថានភាពក្នុងតំបន់កាន់តែតានតឹង។

កងទ័ពអ៊ីស្រាអែល បានអះអាងនៅព្រឹកថ្ងៃចន្ទម្សិលមិញនេះថា ខ្លួនបានបើកប្រតិបត្តិការរួមគ្នាជាមួយកងកម្លាំងពិសេសផ្សេងទៀត និងបានជួយសង្គ្រោះចំណាប់ខ្មាំងពីរនាក់ ដែលត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាស់ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

មានការបាញ់តបតគ្នាយ៉ាងខ្លាំងជាមួយនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសក្នុងអំឡុងពេលវាយឆ្មក់ ខណៈការបាញ់ពីលើអាកាសក៏ត្រូវបាន នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​យោធា។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានដកស្រង់សម្តីប្រធានមន្ទីរពេទ្យថា ជាលទ្ធផលនៃការវាយប្រហារតាមអាកាស មន្ទីរពេទ្យគុយវ៉ែតក្នុងទីក្រុងរ៉ាហ្វា គឺ “ពោរពេញដោយអ្នកជំងឺដែលរងរបួសយ៉ាងធ្ងន់ធ្ងរ និងខ្វះថ្នាំ និងការផ្គត់ផ្គង់គ្រប់គ្រាន់” ។

ចាប់តាំងពីជម្លោះបានផ្ទុះឡើង អ៊ីស្រាអែលបាននឹងកំពុងជំរុញឱ្យជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប ជម្លៀសទៅកាន់តំបន់សុវត្ថិភាពនៅភាគខាងត្បូងហ្គាហ្សា។ ជា​លទ្ធផល មនុស្ស​ជាង​មួយ​លាន​នាក់​បាន​ហូរ​ចូល​ក្រុងរ៉ាហ្វា ដើម្បី​ស្វែង​រក​ជម្រក ដែល​ភាគ​ច្រើន​រស់​នៅ​ក្នុង​តង់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top