ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ ទទូចថា ការផ្តល់ប្រាក់ ១០.០០០បាតសម្រាប់ប្រជាជនម្នាក់ៗ នៅតែបន្តទៅមុខ

រូបភាព៖ Xinhua

បរទេស៖ គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ នៅថ្ងៃអង្គារបានអនុម័តលើប្រាក់កម្ចីថ្មីចំនួន ៥៦០ ពាន់លានបាតសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ដែលលើសពី ១៩៤ ពាន់លានបាតដែលបានអនុម័តពីមុន។

យោងតាមសារព័ត៌មាន Bangkok Post របស់ថៃចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថា ការខ្ចីប្រាក់ថ្មីសរុបក្នុងឆ្នាំ សារពើពន្ធ នឹងមានចំនួន ៧៥៤ ពាន់លានបាត។ ទឹកប្រាក់ចំនួន ៥៦០ ពាន់លានបាត កើតឡើងជាតួលេខដើម ដែលបានផ្តល់ឱ្យសម្រាប់ ការចំណាយនៃកម្មវិធី ជំរុញកាបូបឌីជីថល របស់រដ្ឋាភិបាលគណបក្សភឿថៃ ដែលបានប្រឈម នឹងការពន្យារពេលជាច្រើនលើក។

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន និងមន្ត្រីផ្សេងទៀតបានទទូចថា ការផ្តល់សាច់ប្រាក់ឌីជីថលពី ១០.០០០ បាតក្នុងម្នាក់ៗ (២៨០ដុល្លារ) ដល់ប្រជាជនចំនួន ៥០លាននាក់នឹងដំណើរការទៅមុខ ទោះបីជាមានការរិះគន់យ៉ាងទូលំទូលាយ អំពីការចំណាយ និងការសង្ស័យអំពីប្រសិទ្ធភាពក្នុងការជំរុញសេដ្ឋកិច្ចក៏ដោយ។

លោក Chai Wacharonke បាននិយាយថា ការខ្ចីប្រាក់ដែលបានអនុម័តថ្មីនេះ គឺជាផ្នែកមួយនៃផែនការគ្រប់គ្រងបំណុលដែលត្រូវបានកែសម្រួលយ៉ាងទូលំទូលាយ ដែលរួមមានការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃបំណុលដែលមានស្រាប់ចំនួន២ ពាន់ពាន់លានបាត និងការសងវិញប្រហែល ៤០០ ពាន់លានបាត។

រដ្ឋាភិបាលបាននិយាយថា ការខ្ចីប្រាក់ថ្មីនេះជាចម្បងសម្រាប់ផ្តល់ហិរញ្ញប្បទានដល់ឱនភាពថវិកា។ ថវិកាសារពើពន្ធឆ្នាំ ២០២៤ គ្រោងចំណាយខ្ពស់ជាង ៣,៤៨ ពាន់ពាន់លានបាតសម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា និងឱនភាពចំនួន ៦៩៣ ពាន់លានបាត៕

ប្រែសម្រួលៈ ណៃ តុលា

To Top