ហ្សឺណែវ៖ ប្រធានសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោក Volker Turk បានឲ្យដឹងថា ការលុកលុយយ៉ាងពេញទំហឹង ដោយយោធា ចូលទៅក្នុងទីក្រុងរភាហ្វា គឺគួរឱ្យភ័យខ្លាច ខណៈដែលជនស៊ីវិលមួយចំនួនធំ ដែលភាគច្រើនជាស្ត្រី និងកុមារ ទំនងជានឹងត្រូវបាត់បង់ជីវិត និងរងរបួស។
លោកបានលើកឡើងថា “មិនយូរប៉ុន្មានកន្លងទៅនេះ ខ្ញុំបានគូសបញ្ជាក់អំពីទុក្ខលំបាក ដែលមិនអាចនឹកស្មានដល់ ដែលប្រជាជនប៉ាឡេស្ទីនប្រឈមមុខនៅក្នុងហ្គាហ្សា។ ថ្ងៃនេះគួរឱ្យសោកស្ដាយ ដែលការសម្លាប់រង្គាល បានកើតឡើងនៅហ្គាហ្សា វាពិតជានឹកស្មានមិនដល់ថា តើនឹងមានអ្វីកើតឡើងនៅរ៉ាហ្វា”។
មានទីតាំងនៅភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប និងជាច្រកតែមួយគត់របស់តំបន់ហ្គាហ្សា ទៅកាន់ពិភពលោក ដែលមិនត្រូវបានគ្រប់គ្រងដោយផ្ទាល់ដោយអ៊ីស្រាអែល ឥឡូវនេះទីក្រុងរ៉ាហ្វា មានប្រជាជនប៉ាឡេស្ទីនប្រហែល ១,៥លាននាក់ ខណៈដែលមុនការវាយប្រហារថ្ងៃទី០៧ ខែតុលា ចំនួនប្រជាជនរបស់ខ្លួនមានចំនួន ២៥ម៉ឺននាក់។
បន្ថែមពីលើការឈឺចាប់ និងការរងទុក្ខដែលកើតឡើង ដោយគ្រាប់បែក និងគ្រាប់កាំភ្លើង ការលុកលុយនេះទៅក្នុងទីក្រុងរ៉ាហ្វា ក៏អាចមានន័យថា ការបញ្ចប់នៃជំនួយមនុស្សធម៌ តិចតួចដែលបានចូល និងចែកចាយជាមួយនឹង ផលប៉ះពាល់ដ៏ធំសម្រាប់តំបន់ហ្គាហ្សា ទាំងអស់ រួមទាំងរាប់រយពាន់នាក់នៅក្នុងហានិភ័យធ្ងន់ធ្ងរ ដោយលោកបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ថា នៃភាពអត់ឃ្លាន និងទុរ្ភិក្សនៅភាគខាងជើង។
លោកបានកត់សម្គាល់ថា ការិយាល័យ របស់លោក បានព្រមានម្តងហើយម្តងទៀត ប្រឆាំងនឹងសកម្មភាព ដែលបំពានច្បាប់សង្រ្គាម ហើយការរំពឹងទុក នៃប្រតិបត្តិការបែបនេះ ទៅលើទីក្រុងរ៉ាហ្វា ប្រថុយនឹងឧក្រិដ្ឋកម្មដ៏ឃោរឃៅបន្ថែមទៀត៕
ប្រែសម្រួល ឈូក បូរ៉ា