ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ របស់ថៃថា លោក ថាក់ស៊ីន អាចនឹងត្រូវដោះលែងពីពន្ធនាគារ នៅថ្ងៃទី១៧ ឬ ១៨ ខែកុម្ភៈនេះ

AFP

បរទេស៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ថៃ លោក Tawee Sodsong បានបញ្ជាក់នៅថ្ងៃអង្គារថា អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានកាត់ទោស គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវនៅក្រៅឃុំនៅចុងសប្តាហ៍ខាងមុខនេះ ដោយសារតែលោកមានវ័យចំណាស់ និងឈឺធ្ងន់។

យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Tawee បាននិយាយនៅឯវិមានរដ្ឋាភិបាលថា លោកថាក់ស៊ីន ស្ថិតក្នុងចំណោមអ្នកទោស ៩៣០នាក់ ដែលការដោះលែងត្រូវបានអនុម័ត ដោយគណៈកម្មាធិការលើកលែងទោស។ លោកបន្តថា ក្នុងខែនេះ នាយកដ្ឋានកែប្រែបានលើកលែងទោស ដល់អ្នកទោសចំនួន ៩៤៥នាក់។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ថៃ លោក Tawee Sodsong បានបន្តថា លោកថាក់ស៊ីន ដែលមានអាយុ ៧៤ឆ្នាំ បានបំពេញតាមលក្ខណៈវិនិច្ឆ័យ នៃការលើកលែងទោសសម្រាប់ការមានអាយុ ៧០ ឆ្នាំឬច្រើនជាងនេះ ដោយទទួលរងនូវជំងឺធ្ងន់ធ្ងរ និងបានជាប់ពន្ធនាគារ យ៉ាងហោចណាស់ប្រាំមួយខែនៃការជាប់ពន្ធនាគារ រយៈពេលមួយឆ្នាំរបស់លោក។

ក្រោមបទប្បញ្ញត្តិ ទណ្ឌិតមានសិទ្ធិទទួលបានការដោះលែង បន្ទាប់ពីជាប់ពន្ធនាគារយ៉ាងតិចមួយភាគបី ឬយ៉ាងតិចប្រាំមួយខែ ប្រសិនបើមួយភាគបីតិចជាងប្រាំមួយខែ ហើយរយៈពេលដែលនៅសល់មិនត្រូវលើសពីដប់ឆ្នាំ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បន្ថែមទៀតថា អគ្គនាយកនៃនាយកដ្ឋានកែប្រែ បានបញ្ជូនបញ្ជីលើកលែងទោសទៅលោក ហើយលោក ថាក់ស៊ីន អាចត្រូវបានដោះលែងនៅថ្ងៃទី១៧ ឬ ១៨ ខែកុម្ភៈនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top