ព័ត៌មានអន្តរជាតិ

ជប៉ុន ពន្យាពេល ក្នុងការបាញ់គ្រាប់រ៉ុក្កែត ប្រភេទថ្មី H3 ដោយសារបញ្ហាអាកាសធាតុ

រូបភាពពី៖​ Kyodo

តូក្យូ៖ ទីភ្នាក់ងារអវកាសជប៉ុន បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ការបាញ់បង្ហោះគ្រាប់រ៉ុក្កែត H3 ដែលជាប្រភេទថ្មីរបស់ប្រទេសជប៉ុន នឹងត្រូវពន្យារពេល ដោយសារការព្យាករណ៍ពីអាកាសធាតុថា សូវមិនល្អ នៅឯកន្លែងចុះចតនៅភាគនិរតីនៃប្រទេសជប៉ុន ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះលើកដំបូងត្រូវបានគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍ ។

ទីភ្នាក់ងាររុករកអវកាសជប៉ុន ហៅកាត់ថា (JAXA) បានឲ្យដឹងថា កាលបរិច្ឆេទនៃការបាញ់បង្ហោះជាថ្មីសម្រាប់រ៉ុក្កែត H3 លេខ២ដែលបម្រើជាអ្នកស្នងតំណែងនៃគ្រាប់រ៉ុក្កែត H2A ដ៏សំខាន់នាពេលបច្ចុប្បន្ននេះ មិនទាន់ត្រូវបានកំណត់នៅឡើយនោះទេ ។

គ្រាប់រ៉ុក្កែត H3 ថ្មីនេះ មានការកែលម្អនៅក្នុងប្រព័ន្ធបញ្ឆេះរបស់វា ហើយត្រូវបានកំណត់ដើម្បីផ្ទុកផ្កាយរណបក្លែងក្លាយ ដែលឆ្លុះបញ្ចាំងពីទម្ងន់ជាក់ស្តែងដែលផ្ទុកលើយានបាញ់បង្ហោះលេខ១ H3 រួមជាមួយនឹងមីក្រូផ្កាយរណបចំនួន២ផងដែរ ។

ទីភ្នាក់ងារ JAXA មានបំណងប្រើប្រាស់គម្រោងបាញ់បង្ហោះនេះ ដើម្បីផ្ទៀងផ្ទាត់សមត្ថភាពរបស់គ្រាប់រ៉ុក្កែត ដើម្បីគ្រប់គ្រងទីតាំងរបស់វា និងដាក់ពង្រាយផ្កាយរណប ជាមួយនឹងសកម្មភាពធ្វើឡើងនៅមជ្ឈមណ្ឌលអវកាស Tanegashima ។ នេះបើយោងតាមរបាយការណ៍ចេញដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ។ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top