បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្សី លោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធថា អ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្ររុស្ស៊ី កំពុងធ្វើការលើវ៉ាក់សាំង ប្រឆាំងនឹងជំងឺមហារីក និងថ្នាំជំនាន់ថ្មី ទៀតផង។
ថ្លែងអំពីស្ថានភាព នៃសកម្មភាពវិទ្យាសាស្ត្រវេជ្ជសាស្ត្ររុស្ស៊ី នៅឯវេទិកាបច្ចេកវិទ្យា អនាគតនៅទីក្រុងមូស្គូលោក Putin បានចង្អុលបង្ហាញថា ការបោះជំហានដ៏ធំសម្បើមត្រូវបានធ្វើឡើងក្នុងការរកឃើញ និងព្យាបាលជំងឺមហារីក នៅដំណាក់កាលដំបូង ដែលនាំឱ្យអត្រា រស់រានមានជីវិតកាន់តែខ្ពស់។
លោក Putin បានថ្លែងបែបនេះថា៖ខ្ញុំក៏នឹងបន្ថែមថា ពួកយើងបានខិតជិត ដល់ការបង្កើតនូវអ្វីដែលហៅថា onco-vaccine វ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីក និងថ្នាំ immunomodulatory នៃជំនាន់ថ្មី ហើយខ្ញុំសង្ឃឹមថាក្នុងពេលឆាប់ៗនេះ ពួកគេនឹងត្រូវបានប្រើយ៉ាងមានប្រសិទ្ធភាពជាវិធីព្យាបាលទៅលើអ្នកជំងឺ។
យោងតាមប្រធានាធិបតី ជាងពាក់កណ្តាលនៃករណីមហារីក ទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានរកឃើញ នៅដំណាក់កាលដំបូង ដែលការព្យាករណ៍គឺអំណោយផល បំផុតសម្រាប់ការប្រើប្រាស់វ៉ាក់សាំង និងថ្នាំហើយលោក ក៏បានសន្យាថា នឹងបន្តផ្តល់មូលនិធិ ដល់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ផ្នែកវេជ្ជសាស្រ្ត ក្នុងកម្រិតចាំបាច់បំផុតបន្ថែម ទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី