ព័ត៌មានអន្តរជាតិ

លោក ថាក់ស៊ីន អាចនឹងមិនត្រូវដាក់ឧបករណ៍ តាមដានអេឡិកត្រូនិក ពេលដោះលែងនៅក្រៅឃុំ នៅចុងសប្តាហ៍នេះ

AFP

បរទេស៖ នាយកដ្ឋានការព្យួរទោសមានលក្ខខណ្ឌ បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីដែលជាប់ទោសគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងមិនស្ថិតក្រោមការត្រួតពិនិត្យ តាមដានតាមប្រព័ន្ធអេឡិចត្រូនិកនោះទេ បន្ទាប់ពីលោកនឹងត្រូវដោះលែង ឱ្យនៅក្រៅឃុំនៅចុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោកវរសេនីយ៍ឯក មន្រ្តី បូនយ៉ាយូស៊ីន អគ្គនាយករងនៃនាយកដ្ឋាន ការព្យួរទោសមានលក្ខខណ្ឌ បាននិយាយកាលពីថ្ងៃពុធថា គណៈកម្មាធិការដោះលែងដោយមានលក្ខខណ្ឌ គឺនឹងសម្រេចលើការត្រួតពិនិត្យ តាមប្រព័ន្ធអេឡិចត្រូនិច។

ជាញឹកញយ គណៈកម្មាធិការនឹងលើកលែងការ ដាក់គ្រឿងអេឡិកត្រូនិកតាមដាន សម្រាប់ទណ្ឌិតដែលមានវ័យចំណាស់ និងឈឺធ្ងន់ ដោយសារមានហានិភ័យតិចតួចដែលពួកគេ នឹងប្រព្រឹត្តបទល្មើសឡើងវិញ ក្នុងពេលកំពុងត្រូវបានដោះលែង។

លោក ថាក់ស៊ីន បានបំពេញតាមលក្ខខណ្ឌ លើកលែងទោសពិសេស ខណៈលោកមានអាយុ ៧៤ ឆ្នាំ និងមានជំងឺ ដូច្នេះគាត់អាចនឹងត្រូវបានលើកលែង ពីការត្រួតពិនិត្យតាមប្រព័ន្ធអេឡិចត្រូនិកនេះ»។

យោងតាមក្រសួងយុត្តិធ៌ម របស់ប្រទេសថៃបានឱ្យដឹងថា លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏បានបំពេញតាមលក្ខណៈវិនិច្ឆ័យ នៃការលើកលែងទោសពិសេស នៃការជាប់ពន្ធនាគារយ៉ាងហោចណាស់ ៦ខែ នៃការជាប់ពន្ធនាគាររយៈពេល មួយឆ្នាំរបស់លោក។ នៅក្រោមបទប្បញ្ញត្តិ ទណ្ឌិតមានសិទ្ធិទទួលបានការដោះលែង បន្ទាប់ពីបានជាប់ពន្ធនាគារយ៉ាងហោចណាស់ មួយភាគបីនៃទោសជាប់ពន្ធនាគារ ឬយ៉ាងហោចណាស់៦ខែ ប្រសិនបើមួយភាគបីតិចជាង៦ខែ ហើយរយៈពេលដែលនៅសល់មិនត្រូវលើសពី ១០ ឆ្នាំ។

លោកថាក់ស៊ីនស្ថិតក្នុងចំណោមអ្នកទោសចំនួន ៩៣០ នាក់ដែលការដោះលែង ត្រូវបានអនុម័តដោយគណៈកម្មាធិការលើកលែងទោស របស់នាយកដ្ឋានកែប្រែ (DoC) ។ អគ្គនាយកនៃនាយកដ្ឋានកែប្រែ បានបញ្ជូនបញ្ជីដោះលែងទៅ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top