ព័ត៌មានអន្តរជាតិ

ការវិនិយោគរបស់អាល្លឺម៉ង់ នៅក្នុងប្រទេសចិន ឈានដល់កំណត់ត្រាខ្ពស់បំផុត ក្នុងឆ្នាំ២០២៣

រូបភាពពី៖​ XINHUA

ប៊ែរឡាំង៖ ការវិនិយោគផ្ទាល់របស់អាល្លឺម៉ង់ នៅក្នុងប្រទេសចិន បានកើនឡើងចំនួន ៤,៣ ភាគរយដល់កម្រិតខ្ពស់បំផុត ១១,៩ពាន់លានអឺរ៉ូ (១២,៧ពាន់លានដុល្លារអាមេរិក) កាលពីឆ្នាំមុន ដែលជាចំណែកដ៏ធំនៃការវិនិយោគសរុបរបស់ប្រទេសនេះនៅបរទេស។

ក្រុមហ៊ុនអាល្លឺម៉ង់ កំពុងបន្តវិនិយោគយ៉ាងច្រើននៅក្នុងប្រទេសចិនដោយដកស្រង់ការវិភាគផ្តាច់មុខពីវិទ្យាស្ថាន IW ដោយផ្អែកលើទិន្នន័យផ្លូវការរបស់ Bundesbank នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការវិនិយោគនៅក្នុងប្រទេសចិន ជាចំណែកនៃការវិនិយោគរួមរបស់ប្រទេសអាល្លឺម៉ង់នៅក្រៅប្រទេសបានកើនឡើងកាលពីឆ្នាំមុនដល់ ១០,៣ភាគរយ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤ ខណៈដែលការវិនិយោគផ្ទាល់របស់អាល្លឺម៉ង់នៅកន្លែងផ្សេងទៀតក្នុងអាស៊ីបាននៅទ្រឹងប្រហែល ៨ ភាគរយ នេះបើយោងតាមរបាយការណ៍។

របាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុនអាល្លឺម៉ង់បានវិនិយោគយ៉ាងច្រើននៅក្នុងប្រទេសចិនក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះដូចកាលពីប្រាំមួយឆ្នាំមុន។

របាយការណ៍របស់ IW បានឲ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេសសរុបរបស់អាល្លឺម៉ង់ បានធ្លាក់ចុះកាលពីឆ្នាំមុនមកត្រឹម ១១៦ពាន់លានអឺរ៉ូ (១២៣,៨ពាន់លានដុល្លារ) ពីប្រហែល ១៧០ពាន់លានអឺរ៉ូ (១៨១,៤ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២២ ខណៈដែលសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប បានដើរលើគែមនៃវិបត្តិសេដ្ឋកិច្ច៕ ប្រែសម្រួល ឈូក បូរ៉ា

To Top