ព័ត៌មានអន្តរជាតិ

រុស្ស៊ី បង្ហាញអំពី ចំនួនក្រុមហ៊ុនធំៗ របស់អាមេរិក និងអឺរ៉ុប ដែលរើចេញពីរុស្ស៊ី

RT News

បរទេស៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Denis Manturov បានបង្ហើបឱ្យដឹងថា មានតែក្រុមហ៊ុនធំៗ ប្រហែល ២០ភាគរយប៉ុណ្ណោះមកពីអឺរ៉ុប និង ១៦ភាគរយ មកពីសហរដ្ឋអាមេរិក បានចាកចេញ ពីប្រទេសរុស្ស៊ី ក្រោមសម្ពាធ នៃទណ្ឌកម្ម របស់លោកខាងលិច។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សហគ្រាសជាច្រើន ដែលនៅសេសសល់ ក្នុងប្រទេសរុស្ស៊ី បានបន្តបង្កើនការវិនិយោគ ។ នេះបើតាមលោក Manturov ដែលមានតួនាទី ជារដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មផងដែរ។

ឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាមេរិកធំៗចំនួន ៦៦ ក្នុងចំណោមក្រុមហ៊ុនចំនួន ៣៥០ (ប្រហែល ១៩ភាគរយ) បានចាកចេញ ។ “នេះបង្ហាញថាទីផ្សារ និងសក្តានុពលរបស់យើងមានការចាប់អារម្មណ៍ ជាពិសេសការគិតគូរពីតម្លៃ ធនធានថាមពល។ អ្នកឃើញនូវអ្វី ដែលកំពុងកើតឡើងនៅអឺរ៉ុប ដែលសហគ្រាសកំពុងធ្លាក់ចុះជាបណ្តើរៗ” ។

យោងតាមលោក Manturov, រដ្ឋាភិបាលរុស្ស៊ី នឹងបន្តទាក់ទាញការ វិនិយោគបរទេស ហើយនឹងបង្កើត លក្ខខណ្ឌចាំបាច់សម្រាប់ អ្នកឯកទេសបរទេស ក៏ដូចជាវិនិយោគិន និងម្ចាស់អាជីវកម្ម ។ “គោលនយោបាយនេះ គឺអនុវត្តចំពោះទាំងប្រទេសជាមិត្ត និង ប្រទេសដែល មិនរាក់ទាក់ផងដែរ។ យើងតែងតែបើកចំហ ចំពោះការសន្ទនាសមហេតុផល និងអ្នកវិនិយោគ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top