ព័ត៌មានអន្តរជាតិ

ទាហានអ៊ីស្រាអែល វាយលុកចូលមន្ទីរពេទ្យដ៏ធំបំផុតនៅហ្គាហ្សា ក្រោយទទួលព័ត៌មានចារកម្មដ៏គួរឱ្យទុកចិត្ត

រូបភាពពី៖​ RT News

បរទេស៖ ទាហានអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍បានវាយលុកចូលមន្ទីរពេទ្យ Al Nasser នៅភាគខាងត្បូងតំបន់ហ្គាហ្សា ដែលជាកន្លែងថែទាំសុខភាពដ៏ធំបំផុតដែលនៅតែដំណើរការនៅក្នុងរង្វង់ដែលឡោមព័ទ្ធ, នេះបើយោងតាមការឱ្យដឹងទាំងពីខាងយោធាអ៊ីស្រាអែល និងមន្ត្រីមកពីក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញតាមរយៈអ្នកនាំពាក្យរបស់ខ្លួនគឺលោក Daniel Hagari ថា ខ្លួនបានទទួល ព័ត៌មាន “ចារកម្មដ៏គួរឱ្យទុកចិត្ត” ដើម្បីគាំទ្រការអះអាងថា ក្រុមហាម៉ាស់ “បានចាប់ចំណាប់ខ្មាំងនៅមន្ទីរពេទ្យ Khan Yunis” ។

កងកម្លាំងការពារអ៊ីស្រាអែល ក៏​បាន​បង្ហាញ​ដែរ​ថា ខ្លួន​ជឿ​ថា​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​កន្លែង​នោះ ទោះ​បី​ជា​ខ្លួន​មិន​បាន​បញ្ចេញ​ភស្តុតាង​ភ្លាមៗ​ដើម្បី​គាំទ្រ​ការ​ទាមទារ​នេះ​ក៏ដោយ។ អ្នក​នាំ​ពាក្យ​ក្រុម​ហាម៉ាស់​បាន​ច្រាន​ចោល​សេចក្តីថ្លែងការណ៍​របស់ IDF និងថា​ ជា​ពាក្យ​កុហក។

ក្រុមជំនួយ Medecins Sans Frontieres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាត្រូវបានជូនដំណឹងដោយបុគ្គលិកមន្ទីរពេទ្យអំពី “ស្ថានភាពវឹកវរ” នៅក្នុងមន្ទីរពេទ្យ “ជាមួយនឹងចំនួនមនុស្សស្លាប់ និងរបួសដែលមិនអាចកំណត់បាន” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top