តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលបានឲ្យដឹងថ្ងៃសុក្រថា ប្រទេសជប៉ុនកំពុង “យកចិត្តទុកដាក់” ចំពោះការកត់សម្គាល់របស់ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលស្នើឱ្យធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា អាចជារឿងអាចទៅរួច។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បានបដិសេធមិនបញ្ជាក់លម្អិតអំពីសេចក្តីថ្លែងការណ៍របស់លោកស្រី ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង ដោយលើកឡើងពីផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានលើការចរចាអំពីការចាប់ពង្រត់ជនជាតិជប៉ុន កាលពីអតីតកាលដោយទីក្រុងព្យុងយ៉ាង។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោកស្រី គីម យូជុង បានឲ្យដឹងថា ដំណើរទស្សនកិច្ចអាចកើតឡើង ប្រសិនបើទីក្រុងតូក្យូ មិនធ្វើឱ្យបញ្ហានៃការចាប់ពង្រត់ជាឧបសគ្គរវាងប្រទេសទាំងពីរ ដោយពណ៌នាថាវា “បានដោះស្រាយ”។ លោក Hayashi បានលើកឡើងថា ប្រទេសជប៉ុន នឹងបន្តព្យាយាមដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង។
លោក Hayashi ដែលជារដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាការចាប់ពង្រត់ បានឲ្យដឹងថា ការអះអាងរបស់ប្អូនស្រីលោក គីម ជុងអ៊ុន ទាក់ទងនឹងការចាប់ពង្រត់នេះគឺ “មិនអាចទទួលយកបានទាំងស្រុង” ដោយបន្ថែមថា ប្រទេសជប៉ុន ក៏នឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាផ្សេងទៀតដែលពាក់ព័ន្ធនឹងកូរ៉េខាងជើង ដូចជាការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល។
នៅក្នុងខែឧសភា ឆ្នាំ២០២៣ លោក គីស៊ីដា បានធ្វើការប្តេជ្ញាចិត្តភ្លាមៗ ដើម្បីបង្កើតការចរចាកម្រិតខ្ពស់រវាងប្រទេសជប៉ុន និងកូរ៉េខាងជើង ដើម្បីត្រួសត្រាយផ្លូវ សម្រាប់កិច្ចប្រជុំកំពូលដំបូងជាមួយលោក គីម ជុងអ៊ុន ទោះបីជាលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រភេទនៃកិច្ចពិភាក្សាផ្លូវការ ដែលលោកបានរំពឹងទុកក៏ដោយ៕ ប្រែសម្រួល ឈូក បូរ៉ា