ព័ត៌មានអន្តរជាតិ

សេតវិមានអាមេរិក អះអាងថា រុស្ស៊ី កំពុងអភិវឌ្ឍសមត្ថភាពអាវុធ ប្រឆាំងផ្កាយរណប

រូបភាពពី៖​ AFP

ម៉ូស្គូ៖ សេតវិមានបានឲ្យដឹងថា ប្រទេសរុស្ស៊ីកំពុងអភិវឌ្ឍសមត្ថភាពអាវុធប្រឆាំងផ្កាយរណប ដោយបញ្ជាក់ជាសាធារណៈថា វាជាការគំរាមកំហែងសន្តិសុខជាតិដ៏គ្រោះថ្នាក់ ដែលបានលើកឡើងមួយថ្ងៃមុនដោយមេដឹកនាំសភា ប៉ុន្តែបានបន្ថែមថា វាមិនមែនជាអាវុធ សម្រាប់វាយប្រហារមនុស្សនោះទេ។

អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បានឲ្យដឹងថា “នេះមិនមែនជាសមត្ថភាពសកម្ម ដែលត្រូវបានដាក់ពង្រាយនោះទេ” ដោយសង្កត់ធ្ងន់ថា ទោះបីជាមានវិធានការណ៍របស់រុស្ស៊ី ប៉ុន្តែមិនមានការគំរាមកំហែងភ្លាមៗ ចំពោះសុវត្ថិភាពរបស់នរណាម្នាក់ឡើយ” ។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងមិននិយាយអំពីអាវុធ ដែលអាចប្រើដើម្បីវាយប្រហារមនុស្ស ឬបង្កឱ្យមានការបំផ្លិចបំផ្លាញរូបរាងកាយនៅទីនេះនៅលើផែនដីនោះទេ”។

លោក Kirby បានបន្ដថា សហរដ្ឋអាមេរិក បាននិងកំពុងតាមដានយ៉ាងដិតដល់នូវការខិតខំប្រឹងប្រែងរបស់រុស្ស៊ី ចំពោះសមត្ថភាពបែបនេះ ហើយប្រធានាធិបតីលោក ចូ បៃដិន ត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំអំពីការអភិវឌ្ឍន៍របស់ខ្លួនដោយក្រុមសន្តិសុខជាតិរបស់លោក។

ការបញ្ជាក់នេះបានធ្វើឡើងបន្ទាប់ពីលោក Mike Turner ដែលជាប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានដាក់ចេញសេចក្តីថ្លែងការណ៍មិនច្បាស់លាស់មួយកាលពីថ្ងៃពុធ ដោយព្រមានអំពី “ការគំរាមកំហែងសន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ” ចំពោះសហរដ្ឋអាមេរិក និងបានជំរុញឱ្យសេតវិមានធ្វើការបែងចែកព័ត៌មានពាក់ព័ន្ធទាំងអស់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top