យូអិន៖ ការសិក្សាដែលគាំទ្រដោយអង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានប៉ាន់ប្រមាណថា កិច្ចខិតខំប្រឹងប្រែង ស្តារនិងកសាងឡើងវិញរបស់អ៊ុយក្រែន បន្ទាប់ពីវិបត្តិ នឹងត្រូវចំណាយអស់ ៤៨៦ ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខដែលជាការកើនឡើងពី ៤១១ពាន់លានដុល្លារ ដែលបានព្យាករណ៍កាលពីឆ្នាំមុន។
ការវាយតម្លៃការខូចខាត និងតម្រូវការដែលបានធ្វើបច្ចុប្បន្នភាព (RDNA3) ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយរដ្ឋាភិបាលអ៊ុយក្រែន ក្រុមធនាគារពិភពលោក គណៈកម្មការអឺរ៉ុប និងអង្គការសហប្រជាជាតិ វាយតម្លៃការខូចខាតដែលបានកើតឡើងចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ចុងខែធ្នូឆ្នាំមុន។
របាយការណ៍នេះក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកំណែទម្រង់ និងគោលនយោបាយដើម្បីលើកទឹកចិត្តដល់ការចូលរួមរបស់វិស័យឯកជន និងធានានូវការស្តារឡើងវិញប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព ដោយផ្តល់នូវការវិភាគលម្អិតអំពីផលប៉ះពាល់លើប្រជាជន និងសហគមន៍ដែលងាយរងគ្រោះ៕ ប្រែសម្រួល ឈូក បូរ៉ា