ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជាការផ្តល់រង្វាន់ដល់ភេរវករ

រូបភាពពី៖​ AFP

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងបន្តប្រឆាំងនឹងការទទួលស្គាល់ជាអន្តរជាតិនៃរដ្ឋប៉ាឡេស្ទីន ដោយព្រមានថា វាអាចទប់ស្កាត់ការដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Netanyahu បានឆ្លើយតបទៅនឹងរបាយការណ៍មួយកាលពីថ្ងៃពុធដោយកាសែត Washington Post ដែលបានដកស្រង់ប្រភពការទូតថា សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប់ជាច្រើនកំពុងពិភាក្សាអំពីផែនការសម្រាប់សន្តិភាពរយៈពេលវែងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

កាសែតនោះបានសរសេរថា សំណើនេះពាក់ព័ន្ធនឹងបទឈប់បាញ់ ការដោះលែងចំណាប់ខ្មាំងដែលកាន់កាប់ដោយក្រុមហាម៉ាស់ និង “ពេលវេលាដ៏រឹងមាំសម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលអាចត្រូវបានប្រកាសនៅដើមប៉ុន្មានសប្តាហ៍ខាងមុខ” ។

មេដឹកនាំអ៊ីស្រាអែលបានបញ្ជាក់នៅលើទំព័រ X (អតីត Twitter) នៅព្រឹកថ្ងៃសុក្រ ដើម្បីបញ្ជាក់ជំហររបស់គាត់លើអ្វីដែលគាត់បានពិពណ៌នាថា ជា “ការពិភាក្សាអំពីការដាក់រដ្ឋប៉ាឡេស្ទីនលើអ៊ីស្រាអែល” ។

បន្ទាប់ពីការលុកលុយដោយក្រុមហាម៉ាសចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដែលក្នុងនោះមនុស្សប្រហែល ១២០០ នាក់ត្រូវបានសម្លាប់ និងប្រហែល ២៤០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទទូចថា ការគាំទ្រអន្តរជាតិសម្រាប់ភាពជារដ្ឋប៉ាឡេស្ទីន “នឹងជាការផ្តល់រង្វាន់ដ៏ធំដល់អំពើភេរវកម្មដែលមិនធ្លាប់មានពីមុនមក និងការពារការដោះស្រាយសន្តិភាពនាពេលអនាគត” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top