ព័ត៌មានអន្តរជាតិ

តវ៉ារឿងតម្លៃកសិផល ៖ កសិករឥណ្ឌា នាំគ្នាបង្ហោះខ្លែង ដើម្បីទម្លាក់ដ្រូនរបស់ប៉ូលីសដែលបាញ់ឧស្ម័នបង្ហូរទឹកភ្នែក លើបាតុករ

AFP

បរទេស ៖ ​កសិករក្នុងប្រទេសឥណ្ឌា ដែលបានធ្វើការតវ៉ា នៅជាយក្រុងញូវដេលីអស់រយៈពេលបីថ្ងៃ កន្លងមកនេះ ទាមទារឱ្យមានកំណែទម្រង់ ដើម្បីទទួលបានការធានាតម្លៃ សម្រាប់ផលិតផលរបស់ពួកគេ គឺកំពុងទប់ទល់នឹងយន្តហោះគ្មានមនុស្សបើករបស់ប៉ូលីស ដែលបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដោយប្រើខ្លែងធ្វើដោយដៃ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កសិករឥណ្ឌារាប់ពាន់នាក់មកពីរដ្ឋជាច្រើន រួមទាំងរដ្ឋ Punjab, រដ្ឋ Haryana និង រដ្ឋ Uttar Pradesh ក្បែរនោះ គ្រោងនឹងប្រមូលផ្តុំគ្នានៅរដ្ឋធានីរបស់ប្រទេសឥណ្ឌា ដើម្បីចាប់ផ្តើមការតវ៉ាទ្រង់ទ្រាយធំ ប៉ុន្តែត្រូវបានបញ្ឈប់ដោយប៉ូលិស ខណៈដែលរដ្ឋាភិបាលបានដោះស្រាយបិទព្រំដែនរដ្ឋមួយចំនួន។

ចំពេលមានការគៀបសង្កត់ ខ្សែវីដេអូនៃវិធីសាស្រ្តមិនធម្មតារបស់កសិករដែលត្រូវបានគេរាយការណ៍ថា នៅព្រំដែនរវាងរដ្ឋកសិកម្ម Punjab និង រដ្ឋ Haryana បានបង្ហាញនៅលើ X (អតីត Twitter) ។ តាម​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នក​តវ៉ា​មួយ​ចំនួន​បាន​បង្ហោះខ្លែង​ដើម្បី​ទម្លាក់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន របស់ប៉ូលីស ខណៈ​ដ្រូន​គឺត្រូវ​បាន​ប៉ូលិសប្រើ​ដើម្បី​បញ្ចេញ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​កសិករ។

កាសែត The Hindustan Times បានរាយការណ៍ថា អ្នកផ្សេងទៀតត្រូវបានគេមើលឃើញថា ប្រដាប់ដោយកូនបាល់វាយថេននីស ខណៈដែលពួកគេបន្តធ្វើសង្គ្រាម មិនធម្មតាប្រឆាំងនឹងដ្រូនរបស់ប៉ូលីស។

នៅ​ថ្ងៃ​ដំបូង​នៃ​ការ​តវ៉ា មេដឹកនាំ​ក្រុម​កសិករ​បាន​បន្ទោស​រដ្ឋាភិបាល​កណ្តាល ​របស់​ប្រទេស​ចំពោះ​ការ​វាយ​ប្រហារ​លើ​បាតុករ​ដែល​ដើរ​ឆ្ពោះ​ទៅ​ក្រុង​ដេលី។ ពួកគេបានអះអាងថា បាតុករ ៦០ នាក់បានរងរបួសនៅពេលដែលប៉ូលីស បានប្រើគ្រាប់បាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅព្រំដែន Punjab-Haryana នេះបើយោងតាមកាសែត The Times of India ៕
ប្រែសម្រួលៈ ណៃ តុលា

To Top