ព័ត៌មានអន្តរជាតិ

ចិន​ទាមទារ​ឱ្យអាមេរិក​ ដក​ទណ្ឌកម្ម​ឯកតោ ភាគី​ខុសច្បាប់ ចេញពីអាជីវកម្មរបស់ចិន

ប្រភព ៖ AFP

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken ដកទណ្ឌកម្ម ដែលដាក់លើអាជីវកម្ម របស់ប្រទេសចិន នៅពេលដែលអ្នកទាំងពីរបានជួបគ្នានៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich លើកទី ៦០ កាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ជំនួបនេះគឺជាជំនួប ចុងក្រោយបង្អស់ នៅក្នុងកិច្ចចរចា កម្រិតខ្ពស់បំផុតចាប់ តាំងពីប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping បានជួបគ្នាកាលពីខែវិច្ឆិកាឆ្នាំមុន ។ មិនយូរប៉ុន្មានបន្ទាប់ពីកិច្ចប្រជុំកំពូល របស់ពួកគេ មេដឹកនាំអាមេរិកបានធ្វើឱ្យមានការខឹងសម្បារនៅក្នុងប្រទេសចិន នៅពេល ដែលលោកបានថ្លែងថា លោកឈរដោយការអត្ថាធិប្បាយពីមុនដែលដាក់ឈ្មោះសមភាគីចិនថាជា “ជនផ្តាច់ការ” ក្នុងការឆ្លើយតបទៅនឹងសំណួរ របស់អ្នកកាសែត។

ប្រទេសទាំងពីរបាន បញ្ចប់ឆ្នាំ ២០២៣ ជាមួយនឹង ភាពតានតឹង បន្ទាប់ពីមួយឆ្នាំ ដែលនាំមកនូវការភ័យស្លន់ស្លោ របស់អាមេរិកជុំវិញ ការចោទប្រកាន់ពីប៉េងប៉ោងចារកម្មរបស់ចិន និងទណ្ឌកម្មបច្ចេកវិទ្យា របស់សហរដ្ឋអាមេរិកដែលដាក់កម្រិតលើការ ចូលប្រើប្រាស់របស់ប្រទេសចិន ចំពោះឧបករណ៍ផលិតបន្ទះឈីបកម្រិតខ្ពស់ និងឧបករណ៍ដំណើរ ការបញ្ញាសិប្បនិម្មិត។ ប្រទេសទាំងពីរក៏ត្រូវបានជាប់គាំង នៅក្នុងការប្រជែងគ្នាផ្នែកយោធា ដែលកំពុងកើនឡើង ។

លោក Wang បាន​និយាយ​ថា ការ​បន្ត​គោល​បំណង​នៃ “ការ​ផ្តាច់​ខ្លួន​ពី​ប្រទេស​ចិន” នៅ​ទី​បំផុត​នឹង​មាន​ប្រតិកម្ម​តប​ទៅ​នឹង​សហរដ្ឋ​អាមេរិក ដូច​ដែល​បាន​លើក​ឡើង​ដោយ​សេវា​សារព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ចិន។ លោកបានអំពាវនាវ ឱ្យទីក្រុងវ៉ាស៊ីនតោន ដក “ទណ្ឌកម្មដោយឯកតោភាគីខុសច្បាប់” ប្រឆាំងនឹងក្រុមហ៊ុន និងបុគ្គលរបស់ចិន ហើយកុំធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ក្នុងការអភិវឌ្ឍន៍របស់ប្រទេសចិន៕
ប្រែសម្រួលៈ ណៃ តុលា

To Top