តូក្យូ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បានឲ្យដឹងនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា ប្រទេសអូស្ត្រាលី មានបំណងចង់ឃើញប្រទេសជប៉ុន សហការជាមួយ ភាពជាដៃគូ សន្តិសុខ AUKUS ផងដែរ ដោយមានការចូលរួមពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស លើការអភិវឌ្ឍន៍បច្ចេកវិទ្យាការពារជាតិនាពេលអនាគត។
ខណៈពេលដែលច្រានចោល ការចូលរួមរបស់ទីក្រុងតូក្យូ នៅក្នុងគម្រោងកណ្តាល សម្រាប់ AUKUS ក្នុងការបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់ទីក្រុងកង់បេរ៉ា លោក Marles បានឲ្យដឹងថាអូស្ត្រាលីចង់ “ធ្វើការកាន់តែជិតស្និទ្ធ ជាមួយប្រទេសជប៉ុន” លើការអភិវឌ្ឍន៍បច្ចេកវិទ្យា ដោយទទួលស្គាល់ថាប្រជាជាតិអាស៊ីមួយនេះ គឺជាកន្លែងនៃការច្នៃប្រឌិត និងជានៅប្រភពនៃបច្ចេកវិទ្យា” ។
លោកបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្យូដូថា “ខ្ញុំមិនគិតថាវាជារឿងធម្មតានោះទេ ដែលយើងនឹងនិយាយអំពីកិច្ចសហប្រតិបត្តិការកម្រិតកាន់តែធំរវាងប្រទេសទាំងបី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី និងប្រទេសជប៉ុន ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរួមគ្នាឆ្ពោះទៅមុខ” ។
AUKUS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ នៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ពួកគេ ចំពេលមានការអះអាងរបស់ចិននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។ សសរស្តម្ភទីមួយផ្តោតលើការទិញនាវាមុជទឹកនុយក្លេអ៊ែរ ខណៈដែលសសរស្តម្ភទីពីរគឺសំដៅលើការអភិវឌ្ឍន៍ជួរនៃសមត្ថភាពកម្រិតខ្ពស់នៅក្នុងតំបន់ដូចជា បញ្ញាសិប្បនិមិត្ត និងមីស៊ីលលឿនជាងសំឡេង។
AUKUS បានបើកចំហរដើម្បីចូលរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូលើសសរស្តម្ភពីរ ប៉ុន្តែលោក Marles បានបង្ហាញថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន នឹងមិនកើតឡើងគ្រប់ពេលនោះទេ ដោយសារ AUKUS នៅតែ “ផ្តោតខ្លាំងលើការធ្វើការលើបច្ចេកវិទ្យាច្នៃប្រឌិតថ្មីក្នុងចំណោមប្រទេសទាំងបី”៕
ប្រែសម្រួល ឈូក បូរ៉ា