ព័ត៌មានអន្តរជាតិ

ចំនួន​អ្នក​ស្លាប់​ ប៉ាឡេស្ទីន នៅ​តំបន់ហ្គាហ្សា ​កើនឡើងដល់ជិត ២៩,០០០​នាក់

រូបភាព៖ Xinhua

ហ្កាហ្សាៈ ក្រសួងសុខាភិបាល ដែលគ្រប់គ្រង ដោយក្រុមហាម៉ាស បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៨,៩៨៥ នាក់ហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានផ្ញើទៅកាន់កាសែតស៊ីនហួ ក្រសួងបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនចំនួន ៦៨,៨៨៣នាក់ បានរងរបួសចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

ក្រសួង​បាន​បន្ថែម​ថា កងទ័ព​អ៊ីស្រាអែល​ បាន​សម្លាប់ ​ជនជាតិ​ប៉ាឡេស្ទីន ១២៧ នាក់ និង​របួស ២០៥ នាក់​ផ្សេង​ទៀត​ក្នុង​អំឡុង​ពេល ២៤ ម៉ោង​ចុងក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រភពបានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោម គំនរបាក់បែកចំពេល មានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះផ្នែកការពារស៊ីវិល និងក្រុមរថយន្តសង្គ្រោះ។

បន្ថែមពីលើនេះ សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានឲ្យដឹងថា មន្ទីរពេទ្យ Al-Amal ក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប បានឃើញការវាយប្រហារដោយផ្ទាល់ជាច្រើនពីរថក្រោះអ៊ីស្រាអែល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top