ព័ត៌មានអន្តរជាតិ

Update៖ អ៊ីរ៉ង់ ថ្កោលទោសទៅលើ ព្រឹទ្ធសភាអាមេរិក អនុម័តផ្តល់កញ្ចប់ថវិកាជំនួន ១៤ពាន់លានដុល្លារ ដល់អ៊ីស្រាអ៊ែល

Xinhua

តេហរ៉ង់៖ កាលពីថ្ងៃអាទិត្យ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោស ទៅលើព្រឹទ្ធសភាសហរដ្ឋអាមេរិក ចំពោះការអនុម័តកញ្ចប់ជំនួយ ដែលមានទឹកប្រាក់ចំនួន ១៤ពាន់លានដុល្លារ សម្រាប់អ៊ីស្រាអ៊ែល ដែលលោកបានថ្លែងថា នឹងអនុញ្ញាតឱ្យមានការសម្លាប់ជនជាតិអ៊ីស្រាអ៊ែល កាន់តែច្រើននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។

លោក Kanaani បានធ្វើអត្ថាធិប្បាយនៅលើ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដើម្បីឆ្លើយតបទៅនឹងច្បាប់ ដែលបានអនុម័តកាលពីថ្ងៃទី១៣ ខែកុម្ភៈដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក សម្រាប់ជំនួយសន្តិសុខដល់ប្រទេសអ៊ីស្រាអ៊ែល ។

លោកបានថ្លែងថា ការសម្រេចចិត្តរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលផ្តល់មូលនិធិដោយ អ្នកបង់ពន្ធអាមេរិកបានបង្ហាញថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu និងរដ្ឋាភិបាលរបស់ខ្លួននឹងទទួលបាន ១០០លានដុល្លារក្នុង១ថ្ងៃ ពីសហរដ្ឋអាមេរិកសម្រាប់ “ការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនស្លូតត្រង់” ។

គួរបញ្ជាក់ថា ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់នេះដោយសំឡេងគាំទ្រ ៧០ទល់នឹង២៩ ហើយបូករួមបញ្ចូលទាំងជំនួយសន្តិសុខចំនួន ១៤ពាន់លានដុល្លារ ដល់អ៊ីស្រាអ៊ែល ក្នុងចំណោមរបស់ផ្សេងៗទៀតផងដែរ ។

ចំពោះចំណាត់ការរបស់ ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលបានសម្រេចដូច្នេះ បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងនៅក្នុង ទឹកដីរបស់ខ្លួន ដោយក្រុមប្រឆាំងបានលើកឡើងថា ប្រាក់ទាំងនេះអាចត្រូវបានចំណាយ លើតម្រូវការក្នុងស្រុកជាជាងចំណាយច្រើនលើសអាវុធ ហើយសម្តែងការព្រួយបារម្ភអំពី ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្គាហ្សា ថែមទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top