ព័ត៌មានអន្តរជាតិ

សីតុណ្ហភាពនយោបាយ ក្នុងប្រទេសថៃ នឹងកើនឡើងបន្ទាប់ពីការដោះលែងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឱ្យនៅក្រៅឃុំ

រូបភាពពី៖​ Bangkok Post

បរទេស៖ សីតុណ្ហភាពនយោបាយក្នុងប្រទេសថៃត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ទាប់ពីការដោះលែងអតីតនាយករដ្ឋមន្ត្រី គឹលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឱ្យនៅក្រៅឃុំកាលពីម្សិលមិញ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការអភិវឌ្ឍន៍នេះបង្កបញ្ហាប្រឈមសម្រាប់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក សេដ្ឋា ថាវីស៊ីន ដែលឥឡូវនេះត្រូវតែបង្ហាញពីឯករាជ្យភាពរបស់លោកក្នុងការសម្រេចចិត្ត ហើយបង្ហាញថា លោក ថាក់ស៊ីន មិនកាន់អំណាច។

លោក ថាក់ស៊ីន ត្រូវបានគេមើលឃើញថា ជាមេដឹកនាំពិតប្រាកដនៃគណបក្សភឿថៃដែលកំពុងកាន់អំណាចជាយូរមកហើយ ដែលឥឡូវនេះគណបក្សនេះ គឺដឹកនាំដោយកូនស្រីពៅរបស់លោកគឺ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ។

អ្នកសង្កេតការណ៍នយោបាយ ប្រទេសថៃ ជឿជាក់ថា លោក ថាក់ស៊ីន នឹងបន្តមានឥទ្ធិពលលើនយោបាយ ជាពិសេសនៅពេលដែលគណបក្សភឿថៃកាន់តំណែងជារដ្ឋាភិបាល។

លោកនាយករដ្ឋមន្រ្ដី សេដ្ឋា ថាវីស៊ីន ប្រឈមមុខនឹងបញ្ហាដោយសារឋានៈថ្មីរបស់លោក ដោយបានចូលប្រឡូកក្នុងឆាកនយោបាយតិចជាង៦ខែមុនពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ ដូច្នេះ លោកមានទំនាក់ទំនងតិចតួចជាមួយអ្នកនយោបាយ និងសមាជិកសភាក្នុងបក្ស។

អ្នកវិភាគខ្លះរំពឹងថា នឹងមានការផ្លាស់ប្តូរអំណាចពីលោក សេដ្ឋា ថាវីស៊ីន ទៅលោក ថាក់ស៊ីន ដែលបណ្តាលឱ្យមានបាតុភូតនាយករដ្ឋមន្ត្រី២។

ទោះបីជាយ៉ាងណា លោក ថាវីស៊ីន បានបដិសេធការលើកឡើងបែបនេះ ដោយអះអាងពីសមត្ថកិច្ចរបស់លោក។ លោកបាននិយាយថា «កុំមានរឿងគួរឲ្យភ្ញាក់ផ្អើលអី គឺមាននាយករដ្ឋមន្ត្រីតែមួយគត់ក្រោមរដ្ឋធម្មនុញ្ញ។ នាយករដ្ឋមន្រ្តីនោះ គឺខ្ញុំ៕ ប្រែសម្រួលៈ ណៃ តុលា

To Top