បរទេស៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទថា ការស្លាប់របស់ឥស្សរជន ប្រឆាំងរុស្ស៊ី Alexey Navalny នៅក្នុងពន្ធនាគារតំបន់ Arctic ដែលជាកន្លែងដែលគាត់ ត្រូវបានគេឃុំឃាំង កំពុងត្រូវបានស៊ើបអង្កេត តាមតម្រូវការដោយច្បាប់ ដោយមិនគិតពីប្រតិកម្ម របស់លោកខាងលិច ចំពោះព្រឹត្តិការណ៍នេះទេ។
សេវាពន្ធនាគារ រុស្សី បានប្រកាសពីការស្លាប់របស់ Navalny កាលពីថ្ងៃសុក្រ ដោយនិយាយថា ការប៉ុនប៉ងដើម្បីសង្គ្រោះគាត់ បានបរាជ័យ បន្ទាប់ពីគាត់បានដួល ក្នុងអំឡុងពេល ដើរប្រចាំថ្ងៃ។
គួរឲ្យដឹងដែរថាក្នុងរយៈពេល ប៉ុន្មានម៉ោងចុងក្រោយ ឥស្សរជនសាធារណៈលោកខាងលិច ជាច្រើន រួមទាំងមេដឹកនាំជាតិ បានស្តីបន្ទោសរដ្ឋាភិបាលរុស្ស៊ី ចំពោះការស្លាប់នេះ។
ក្រៅពីនោះអ្នកខ្លះបានចោទប្រកាន់ លោកប្រធានាធិបតី Vladimir Putin ដោយផ្ទាល់ នៅក្នុងសេចក្តីថ្លែងការណ៍ របស់ពួកគេ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រហូតមកដល់ពេលនេះ មិនទាន់មានលទ្ធផល ធ្វើកោសល្យវិច័យណាមួយ ត្រូវបានចេញផ្សាយនៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី