ព័ត៌មានអន្តរជាតិ

Update៖ សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងន់ទៅលើរុស្ស៊ី ក្រោយការស្លាប់ របស់មេដឹកនាំប្រឆំាង Navalny

AFP

វ៉ាស៊ីនតោន៖ លោក John Kirby អ្នកនាំពាក្យរបស់សេតវិមាន បានលើកឡើងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងប្រកាសពីកញ្ចប់ទណ្ឌកម្មដ៏ធំមួយ ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត សំដៅលើប្រទេសរុស្ស៊ី ជុំវិញការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ី គឺ លោក Alexei Navalny ។

លោក Kirby បានលើកឡើងថា កញ្ចប់នេះនឹង “ធ្វើឱ្យប្រទេសរុស្ស៊ី ទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងចំពោះលោក Navalny” និងសម្រាប់សកម្មភាពរបស់ខ្លួន ដែលធ្វើសង្រ្គាមនៅអ៊ុយក្រែន ដោយលោក Kirby បានបញ្ជាក់ថា ដោយមិនផ្តល់ព័ត៌មានលម្អិត អំពីវិធានការដាក់ទណ្ឌកម្មនោះទេ ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងកិច្ចសន្ទនាមួយ លោក Kirby បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងដាក់សម្ពាធលើប្រទេសរុស្ស៊ី សម្រាប់ “តម្លាភាពពេញលេញ” អំពីរបៀបដែលលោក Navalny បានទទួលមរណភាព កាលពីថ្ងៃសុក្រសប្តាហ៍មុន ពោលគឺ ថ្ងៃទី១៦ ខែកុម្ភៈកន្លងទៅនេះ នៅឯអាណានិគមកាត់ទោសតំបន់អាកទិក ។

ក្រុមសេវាពន្ធនាគារបានឲ្យដឹងថា នៅពេលនោះលោក Navalny បានសន្លប់បន្ទាប់ពីដើរហើយបានទទួលមរណភាព ។

ជុំវិញករណីនេះដែរ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្តីបន្ទោសទៅលើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ។

គេបានដឹងថា សហរដ្ឋអាមេរិក បានចេញប្រកាសដាក់ទណ្ឌកម្មយ៉ាងខ្លាំងទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២២ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top