ព័ត៌មានអន្តរជាតិ

ការនាំចេញកសិផលរបស់រុស្ស៊ី ឈានដល់កំណត់ត្រាខ្ពស់ ៤៣,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣

Xinhua

ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ទីមួយរបស់រុស្ស៊ីលោកស្រី Oksana Lut បានឲ្យដឹងនៅក្នុងវេទិកាស្រូវអង្ករឆ្នាំ២០២៤ថា ការនាំចេញផលិតផលកសិកម្ម របស់រុស្ស៊ីមានចំនួនប្រហែល ៤៣,៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ។

សារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់សម្តីលោកស្រី Lut នៅក្នុងវេទិកាថា “ការនាំចេញកសិកម្ម របស់រុស្ស៊ី មានចំនួន ៤៣,៥ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ប្រហែលជាច្រើនជាងនេះបន្តិច ដោយសារនឹងមានការគណនាបន្ថែម” ។

ប្រទេសរុស្ស៊ីបាននាំចេញគ្រាប់ធញ្ញជាតិចំនួន ៦៦លានតោន កាលពីឆ្នាំមុនរួមទាំងស្រូវសាលីចំនួន ៥១លានតោនផងដែរ ដោយកត់សម្គាល់ថាសក្តានុពលនៃ ការនាំចេញផលិតផលគ្រាប់ធញ្ញជាតិនៅឆ្នាំនេះ គឺខ្ពស់ជាង។

លោកស្រីបានបន្ថែមថា “សក្តានុពលសម្រាប់ការផ្គត់ផ្គង់ ផលិតផលគ្រាប់ធញ្ញជាតិ ទៅកាន់ទីផ្សារបរទេសគឺប្រហែល ៧០លានតោននៅឆ្នាំនេះ និង ៤លានតោនសម្រាប់ផលិតផល leguminous” ដោយបន្ថែមថា គោលដៅនេះគឺអាចសម្រេចបាន។

យោងតាមមន្ត្រីរូបនេះ ផលិតផលគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី មានតម្លៃសមរម្យបំផុត ទាក់ទងនឹងសមាមាត្រតម្លៃ និងគុណភាព។ លោកស្រីបានបន្ដថា ក្រសួងកសិកម្មរុស្ស៊ីបច្ចុប្បន្ន កំពុងពិភាក្សាអំពីលទ្ធភាពនៃការ ផ្តល់ការធានាដល់ប្រទេសដៃគូសំខាន់ៗ សម្រាប់ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ក្នុងបរិមាណដែលពួកគេត្រូវការ ដើម្បីរក្សាសន្តិសុខស្បៀង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top