ព័ត៌មានអន្តរជាតិ

អ្នកជំនាញថា អាល្លឺម៉ង់ខាតបង់ជាង ២១៦ពាន់លានដុល្លារ ដោយសារតែជម្លោះអ៊ុយក្រែន

AFP

បរទេស៖ ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាល្លឺម៉ង់ Marcel Fratzscher បានប៉ាន់ប្រមាណថា ការសម្រេចចិត្តរបស់ប្រទេសអាល្លឺម៉ង់ ចាប់តាំងពីការចាប់ផ្តើមនៃ ជម្លោះអ៊ុយក្រែនជិតពីរឆ្នាំមុន គឺបានធ្វើឱ្យប្រទេសនេះខាតបង់ច្រើនជាង ២០០ ពាន់លានអឺរ៉ូ ឬប្រហែល ២១៦ ពាន់លានដុល្លារ ។ អ្នកជំនាញបានប្រាប់ Die Rheinische Post ថាការកើនឡើងតម្លៃថាមពល គឺជាកត្តារួមចំណែកដ៏សំខាន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា អស់ជាច្រើនឆ្នាំមកនេះ វិស័យឧស្សាហកម្មដ៏មានតម្លៃរបស់អាល្លឺម៉ង់ ត្រូវបានជំរុញដោយឧស្ម័នរុស្ស៊ី ដែលមានតំលៃថោកសមរម្យ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមការវាយលុក របស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន រដ្ឋាភិបាលនៅទីក្រុងប៊ែរឡាំង បានសម្រេចចិត្តបោះបង់ចោល ថាមពលរបស់ទីក្រុងម៉ូស្គូ ដោយប្តូរទៅជម្រើសដែលមាន តម្លៃថ្លៃជាងពីប្រភពជាច្រើន រួមទាំងឧស្ម័នធម្មជាតិរាវរបស់អាមេរិកផងដែរ។

នៅក្នុងអត្ថបទរបស់ខ្លួនកាលពីថ្ងៃពុធ កាសែត Die Rheinische Post បានដកស្រង់សម្តីលោក Fratzscher ដោយនិយាយថា “ការចំណាយសេដ្ឋកិច្ចសម្រាប់ ប្រទេសអាល្លឺម៉ង់បន្ទាប់ពីរយៈពេលពីរឆ្នាំ នៃសង្រ្គាមអ៊ុយក្រែន គឺលើសពី ២០០ ពាន់លានអឺរ៉ូ” ។ លោកបានពន្យល់ថា នៅឆ្នាំ ២០២២ កំណើនបានធ្លាក់ចុះ 2.5% ដែលមានន័យថា ការខាតបង់ប្រហែល ១០០ ពាន់លានអឺរ៉ូ ជាមួយនឹងសេដ្ឋកិច្ចអាល្លឺម៉ង់បាន ធ្លាក់ចុះដល់កម្រិតប្រៀបធៀបនៅឆ្នាំ ២០២៣ ។

យោងតាមលោក Fratzscher, ការបង្កើនល្បឿនអតិផរណា នៅក្នុងប្រទេសអាល្លឺម៉ង់បានប៉ះពាល់ ដល់កម្មករដែលមានប្រាក់ចំណូលទាប ។

កាសែតនេះបានចង្អុលបង្ហាញថា អង្គភាពមួយផ្សេងទៀតគឺវិទ្យាស្ថាន សេដ្ឋកិច្ចអាល្លឺម៉ង់បានឈានដល់ការសន្និដ្ឋានស្រដៀងគ្នា នៅក្នុងរបាយការណ៍ដែលមិនបានចេញផ្សាយមួយ។ អ្នកជំនាញបានដាក់ការខាតបង់ពីឥទ្ធិពល អវិជ្ជមានរួមបញ្ចូលគ្នាដែលជំងឺរាតត្បាត Covid-19 និងជម្លោះអ៊ុយក្រែនបានកើតមាន លើសេដ្ឋកិច្ចអាល្លឺម៉ង់ចំនួន ២៤០ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០២២-២០២៣៕

ប្រែសម្រួលៈ ណៃ តុលា

To Top