ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងផ្តល់ជំនួយ៣២លានដុល្លារ ក្នុងជំនួយមនុស្សធម៌បន្ថែម ដល់តំបន់ហ្គាហ្សា

រូបភាព៖ Kyodo

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានឲ្យដឹងថា ប្រទេសជប៉ុនកំពុងពិចារណាផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ៣២ លានដុល្លារសម្រាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សាស្រ្ទីប ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បន្ដអូសបន្លាយ។

ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នៅឯការប្រជុំថ្នាក់រដ្ឋមន្ត្រីចំនួន ២០ក្រុមនៅទីក្រុង Rio de Janeiro លោកស្រី Kamikawa បានសម្តែងនូវ “ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ” អំពី “ស្ថានភាពមនុស្សធម៌ដ៏សំខាន់” នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ចំពេលមានការទម្លាក់គ្រាប់បែក និងការឡោមព័ទ្ធរបស់អ៊ីស្រាអែល។

ក្រសួងបានបន្ថែមថា ការរិះគន់ជាថ្មីអំពី “ការវាយប្រហារភេរវកម្ម” លើអ៊ីស្រាអែលដោយក្រុមហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា និងបង្ហាញពី “ការព្រួយបារម្ភយ៉ាងខ្លាំង” លើប្រតិបត្តិការយោធាអ៊ីស្រាអែលនាពេលថ្មីៗនេះនៅក្នុងទីក្រុងរ៉ាហ្វានៃតំបន់ហ្គាហ្សា លោក Kamikawa បានទាមទារឱ្យភាគីទាំងអស់ “ធ្វើសកម្មភាពតាមទស្សនៈមនុស្សធម៌” ។

មន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់បានឲ្យដឹងថា ជំនួយមនុស្សធម៌ដែលបានគ្រោងទុក នឹងត្រូវបានផ្តល់តាមរយៈស្ថាប័នអន្តរជាតិ ប៉ុន្តែនឹងមិនត្រូវបានផ្តល់តាមរយៈទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ានោះទេ។

រួមជាមួយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត ប្រទេសជប៉ុនបានផ្អាកការផ្តល់មូលនិធិសម្រាប់ UNRWA បន្ទាប់ពីមានការចោទប្រកាន់ថា សមាជិកបុគ្គលិករបស់ខ្លួនប្រហែលជាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកហាម៉ាសលើអ៊ីស្រាអែល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top