បរទេស៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ “ការជ្រៀតជ្រែក” ទាំងអស់ នៅក្នុងកិច្ចការរបស់កោះតៃវ៉ាន់ បន្ទាប់ពីសមាជិកសភាអាមេរិកមួយក្រុម បានជួបជាមួយមេដឹកនាំរបស់កោះនេះ គឺលោកស្រី Tsai Ing-wen ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលសួរអំពីដំណើរទស្សនៈកិច្ចរបស់តំណាងអាមេរិកចំនួន៥រូប កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនពិចារណាអំពី “ភាពស្មុគស្មាញបំផុត និងភាពរសើបនៃបញ្ហារបស់កោះតៃវ៉ាន់”។
លោកស្រីបាននិយាយថា “ប្រទេសចិនប្រឆាំងរាល់ទម្រង់នៃអន្តរកម្មផ្លូវការរវាងអាជ្ញាធរអាមេរិក និងកោះតៃវ៉ាន់ ហើយបដិសេធការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកក្នុងកិច្ចការតៃវ៉ាន់ ទោះក្នុងទម្រង់បែបណា ឬក្រោមលេសអ្វីក៏ដោយ” ដោយអំពាវនាវឱ្យមន្ត្រី និងសមាជិកសភាអាមេរិក “បញ្ឈប់ទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់ និងបញ្ឈប់ការបញ្ជូនសញ្ញាខុសណាមួយ” ចំពោះកងកម្លាំងបំបែកខ្លួនសម្រាប់ ‘ឯករាជ្យតៃវ៉ាន់’ នេះ។
សូមជម្រាបថា គណៈប្រតិភូដែលដឹកនាំដោយសមាជិកសភាសាធារណៈរដ្ឋលោក Mike Gallagher ដែលជាអ្នកតំណាងរាស្រ្តអាមេរិកដែលមាននយោបាយប្រឆាំងនឹងទីក្រុងប៉េកាំង និងជាប្រធានគណៈកម្មាធិការជ្រើសរើសសភា ទៅលើប្រទេសចិន បានអង្គុយជាមួយលោកស្រី Tsai និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅពេលក្រោយនៅថ្ងៃព្រហស្បតិ៍ ជាមួយនឹងកិច្ចប្រជុំបន្ថែមទៀតដែលបានគ្រោងទុកនៅចុងសប្តាហ៍៕ ប្រែសម្រួលៈ ណៃ តុលា