បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកនឹងបើកភ្លើងខៀវ សម្រាប់យន្តហោះ Tu-160M ធ្វើទំនើបកម្ម ដើម្បីចូលបម្រើសេវាកម្ម បន្ទាប់ពីលោកបានបើកហោះហើរ កាលពីថ្ងៃព្រហស្បតិ៍ នៅលើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ មានសមត្ថភាពនុយក្លេអ៊ែរ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការហោះហើររយៈពេល ៣០ នាទីពីទីក្រុង Kazan ក្រោយពីត្រួតពិនិត្យរោងចក្រ អាកាសចរណ៍ Gorbunov កាលពីថ្ងៃពុធ ដែលទទួលបន្ទុក ធ្វើទំនើបកម្មយន្តហោះ ដែលត្រូវបានបង្កើតឡើង ដោយការិយាល័យរចនា Tupolev ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ។ យោងតាមវិមានក្រឹមឡាំងបានឱ្យដឹងថា ផ្លូវហោះហើររបស់យន្តហោះបំផ្ទុះ គ្រាប់បែក គឺត្រូវបានចាត់ថ្នាក់ ។
លោកពូទីន បាននិយាយបន្ទាប់ពីការហោះហើរថា “វាពិតជាម៉ាស៊ីនថ្មីក្នុងន័យជាច្រើន” ។ “សូម្បីតែមនុស្សធម្មតាក៏អាចមើលឃើញថា ការគ្រប់គ្រងកាន់តែរលូន ។ វាគួរឱ្យទុកចិត្តណាស់ ក៏ដូចជាអាវុធរបស់វាដែរ។ នេះជាយន្តហោះថ្មី”។
ប្រធានាធិបតីរុស្ស៊ីបានពណ៌នា អ្នកផ្ទុកមីស៊ីលទំនើបនេះថាជា «បច្ចេកវិទ្យាជំនាន់ក្រោយពិតប្រាកដ» ហើយបាននិយាយថា លោកនឹងណែនាំក្រសួងការពារជាតិ ឱ្យទទួលយកយន្តហោះទម្លាក់គ្រាប់បែកនេះ ចូលបម្រើជាមួយ កងទ័ពអាកាស៕
ប្រែសម្រួលៈ ណៃ តុលា