ព័ត៌មានអន្តរជាតិ

លោក Biden ព្រមានដាក់ទណ្ឌកម្ម ប្រឆាំងលោក Putin ជុំវិញបញ្ហាស្លាប់ របស់លោក Navalny

AFP

បរទេស ៖ ប្រធានាធិបតី Joe Biden បាននិយាយថា សហរដ្ឋអាមេរិក នឹងត្រៀមដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការ ស្លាប់របស់សកម្មជនប្រឆាំង ដែលជាប់គុក និងជាអ្នកធ្វើយុទ្ធនាការប្រឆាំង អំពើពុករលួយ លោក Alexey Navalny។

យោងតាមមន្ត្រីពន្ធនាគាររុស្សី បុរសវ័យ ៤៧ ឆ្នាំរូបនេះ ស្រាប់តែធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ហើយត្រូវបានប្រកាសថាបានស្លាប់នៅថ្ងៃដដែល។ ទោះបីជាមូលហេតុពិតប្រាកដ នៃការស្លាប់នៅតែមិនច្បាស់លាស់ក៏ដោយ ក៏ក្រុមគ្រួសារ របស់គាត់ សហការី និងមេដឹកនាំលោកខាងលិចជាច្រើន កំពុងបន្ទោសវិមានក្រឹមឡាំង ។

លោក Biden បានជួបជាមួយស្ត្រី ជាភរិយារបស់លោក Navalny Yulia និងកូនស្រី Dasha នៅ San Francisco កាលពីថ្ងៃព្រហស្បតិ៍ ដោយសរសើរ ភាពក្លាហានមិនធម្មតា និងកេរ្តិ៍ដំណែល របស់គាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងសម្រាប់ប្រទេសរុស្ស៊ីសេរី និងប្រជាធិបតេយ្យ នេះបើយោងតាមសេតវិមាន ។

គួរឲ្យដឹងដែរថា លោកNavalny មានភាពល្បីល្បាញ ក្នុងទសវត្សរ៍ឆ្នាំ២០១០ តាមរយៈការបង្ហោះការស៊ើបអង្កេតលើប្លុក និងប៉ុស្តិ៍ YouTube របស់គាត់ ដែលក្នុងនោះគាត់ បានចោទប្រកាន់មន្ត្រីជាន់ខ្ពស់ និងពាណិជ្ជកររុស្ស៊ី ពីអំពើពុករលួយហើយកន្លងមក គាត់បានឈរឈ្មោះជាអភិបាលក្រុងមូស្គូ ដោយមិនបានជោគជ័យ ក្នុងឆ្នាំ២០១៣ហើយបាន ជួយរៀបចំការតវ៉ាប្រឆាំងរដ្ឋាភិបាល ជាច្រើនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

To Top