ដល់ថ្ងៃទី២៤ខែកុម្ភៈ ការប៉ះទង្គិចរវាងរុស្ស៊ី និង អ៊ុយក្រែន បានអូសបន្លាយរយៈពេលពីរឆ្នាំ គត់ទៅហើយ ។ បច្ចុប្បន្ននេះ កងទ័ពនៃប្រទេសទាំងពីរ កំពុងធ្លាក់ចូលក្នុងការ ប្រយុទ្ធជាប់គ្នា សហរដ្ឋអាមេរិក និងអឺរ៉ុប ត្រៀមលក្ខណៈ សម្រាប់អនុវត្ត ការដាក់ទណ្ឌកម្មថ្មី ទៅលើរុស្ស៊ី ដូច្នេះ ការឈប់បាញ់គ្នា និង បញ្ចប់សង្រ្គាម នៅតែពិបាកឈានដល់ដដែល ។ មជ្ឈដ្ឋានមតិសាធារណៈពិភពលោក នាំគ្នាបូកសរុបផលវិបាកដ៏ខ្លាំង ដែលបណ្តាលមក ពីការប៉ះទង្គិចលើកនេះ ដែលមានការយល់ ដឹងនិងពិនិត្យ កំហុសឡើងវិញកាន់តែស៊ីជម្រៅ ចំពោះមូលហេតុនៃការប៉ះទង្គិច ហើយសំឡេងអំពាវនាវ ឱ្យឈប់បាញ់គ្នានិងបញ្ចប់សង្គ្រាម ក៏កាន់តែខ្លាំងឡើងផងដែរ ។
ការប៉ះទង្គិចរវាងរុស្ស៊ីនិង អ៊ុយក្រែន ជាសង្គ្រាមក្នុងតំបន់ដ៏ធ្ងន់ធ្ងរបំផុត មួយលើកដែលកើតឡើង នៅទឹកដីអឺរ៉ុបបន្ទាប់ ពីសង្គ្រាមត្រជាក់មក ។ តាមស្ថិតិនៃការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិឱ្យដឹងថា ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ អ្នកស្លាប់និងរង របួសរបស់ភាគីរុស្ស៊ីនិង អ៊ុយក្រែន បានលើសពី៥សែននាក់ និងជនជាតិអ៊ុយក្រែន លើសពី១០លាននាក់បាត់បង់ទីជម្រក ។ បន្ទាប់ពីកើតមានការប៉ះ ទង្គិចលើកនេះ បានបណ្តាលឱ្យតម្លៃថាមពល និងតម្លៃស្បៀង អាហារសកល កើនឡើងយ៉ាងខ្លាំង ប្រទេសអាហ្វ្រិកមួយចំនួនសឹងតែរង “គ្រោះមហន្តរាយខ្វះ ស្បៀងអាហារ” ។ ទន្ទឹមនឹងពេលវេលាបាន រំកិលទៅមុខ ផលប៉ះពាល់អវិជ្ជមាននៃការប៉ះទង្គិចបានរីករាលដាលជាបន្តបន្ទាប់ ។
ក្នុងនោះ អឺរ៉ុបបានរងផលប៉ះពាល់ ខ្លាំងណាស់ មិនត្រឹមតែបានបណ្តាលឱ្យកំណើនសេដ្ឋកិច្ចបានបង្អង់ល្បឿន រហូតដល់លេចចេញនិន្នាការ អន់ថយប៉ុណ្ណោះទេ ថែមទាំងអារម្មណ៍ “ផ្តល់ជំនួយដល់អ៊ុយក្រែន និងប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី”ក៏កាត់បន្ថយដែរ ហើយមានអារម្មណ៍មិនពេញ ចិត្តយ៉ាងខ្លាំងជាបន្តបន្ទាប់ ។
បច្ចុប្បន្ននេះ បើពិចារណាពី កំហុសរបស់សង្គ្រាមលើកនេះ មជ្ឈដ្ឋានខាងក្រៅកាន់តែមើលច្បាស់ថា គំនិតសង្គ្រាមត្រជាក់ ជាប្រភពគ្រោះចង្រៃនៃការប៉ះទង្គិចលើកនេះ សហរដ្ឋអាមេរិកជាអ្នកបង្កការបដិបក្ខគ្នា ។ អង្គការណាតូដែលដឹកនាំដោយ សហរដ្ឋអាមេរិកគាបសង្កត់ លំហសន្តិសុខរបស់រុស្ស៊ីជាបន្តបន្ទាប់ ដែលបណ្តាលឱ្យការប៉ះទង្គិចឡើងកម្តៅឥតឈប់ឈរ។ សហរដ្ឋអាមេរិកធ្វើអ៊ីចឹង គឺមានគោលបំណងកាត់កម្សោយកម្លាំងរបស់រុស្ស៊ី ធ្វើឱ្យអឺរ៉ុបកើតមានចលាចលនិងផ្ទេរវិបត្តិទៅឱ្យពិភពលោក ដើម្បីទទួលផលប្រយោជន៍និងគាំពារអនុត្តរភាពរបស់ខ្លួន ។
ក្រៅពីនេះ ការប៉ះទង្គិចដែលបាន អូសបន្លាយរយៈពេលពីរឆ្នាំលើកនេះ ក៏បានបញ្ជាក់ដែរថា ការដាក់ទណ្ឌកម្មដោយឯកតោភាគីគឺមិនអាចទៅរួចទេ ផ្ទុយទៅវិញក៏បានធ្វើឱ្យទំនាស់ និងការបដិបក្ខគ្នាកាន់តែមុតស្រួច។ តាមស្ថិតិឱ្យដឹងថា ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកនិង សហភាពអឺរ៉ុបបានដាក់ចេញការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចទៅលើរុស្ស៊ី ចំនួន១៣ជុំជាបន្តបន្ទាប់ គិតមកទល់ខែវិចិ្ឆកាឆ្នាំ២០២៣ បរិមាណសរុប នៃការដាក់ទណ្ឌកម្ម បានឡើងដល់ចំនួន១ម៉ឺន៧ពាន់៥រយផ្នែកដែលបានបំបែកកំណត់ត្រា ។ ប៉ុន្តែ ការដាក់ទណ្ឌកម្មមិន បានកែប្រែប្រតិបត្តិការ លើយុទ្ធភូមិរបស់រុស្ស៊ីទេ ហើយក៏មិនបានបង្កជា ផលប៉ះពាល់ជាក់ស្តែង ដល់សេដ្ឋកិច្ចរុស្ស៊ីដែរ ផ្ទុយទៅវិញនាំឱ្យការប៉ះទង្គិច ក្លាយទៅជាសង្គ្រាមរ៉ាំរ៉ៃ មួយលើក ហើយអឺរ៉ុបបែរជារង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅវិញ ។
ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិនបានអំពាវនាវឱ្យភាគីនានារក្សាការអត់ធ្មត់ដោយវិចារណញ្ញាណ ចៀសវាងកុំឱ្យវិបត្តិឡើងកម្តៅ រួមគ្នាបង្ការហានិភ័យសង្គ្រាម បង្ការកុំឱ្យកើតមានសង្គ្រាមរវាងប្រទេសធំៗនិងវិបត្តិមនុស្សធម៌ដែលមានទ្រង់ទ្រាយកាន់តែធំ ក៏ដូចជាចាត់បញ្ជូនបេសកជនពិសេស ទៅធ្វើកិច្ចសម្របសម្រួលនៅប្រទេសជាច្រើន ។ ពេលថ្មីៗកន្លងទៅនេះ ភាគីចិនបានសម្តែងអាកប្បកិរិយា ជាច្រើនលើកថា សូម្បីតែមានសេចក្តីសង្ឃឹមបន្តិចបន្តួចក្នុងការសម្រេចបានសន្តិភាព ភាគីចិនក៏មិនបោះបង់ចោល កិច្ចខិតខំប្រឹងប្រែងផងដែរ ដែលនឹងបន្តដើរតួនាទីប្រកបដោយភាពស្ថាបនា ដើម្បីបញ្ចប់សង្រ្គាមនិងស្តារសន្តិភាពឡើងវិញ ក្នុងពេលឆាប់ៗ ។
បទពិសោធន៍ប្រវត្តិសាស្ត្របានបញ្ជាក់ថា ទីបញ្ចប់នៃរាល់ការប៉ះទង្គិចទាំងអស់សុទ្ធ តែត្រូវវិលត្រឡប់ទៅរកតុចរចាឡើងវិញ ។ ភាពយូរអង្វែង ស្មុគ្រស្មាញនិងឡើង កម្តៅនៃវិបត្តិអ៊ុយក្រែន វាមិនសមស្របនឹងផលប្រយោជន៍ រួមរបស់សហគមន៍អន្តរជាតិឡើយ។ កិច្ចសន្ទនានិងការចរចា ទើបជាផ្លូវចេញតែមួយគត់ ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ៕