ប៉េកាំង៖ អាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា មានមនុស្សយ៉ាងហោចណាស់ចំនួន១៥នាក់បានស្លាប់ និង ៤៤នាក់បានរងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យមួយដែលបានកើតឡើងនៅឯអគារលំនៅដ្ឋាន១កន្លែងក្នុងទីក្រុងណានជីង ដែលស្ថិតនៅភាគខាងកើតនៃប្រទេសចិន ។
អគ្គីភ័យបានឆាបឆេះកាលពីព្រឹកថ្ងៃសុក្រ ហើយមន្ត្រីបានបញ្ជាក់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ ជាមួយនឹងការស៊ើបអង្កេតបឋមដែលបានបង្ហាញឲ្យឃើញថា អគ្គិភ័យបានចាប់ផ្តើមនៅជាន់ទី១នៃអគារ ដែលជាកន្លែងដាក់កង់អគ្គិសនី ។
អគារដែលត្រូវបានអគ្គីភ័យឆាបឆេះនេះមានទីតាំងនៅក្នុងសង្កាត់ Yuhuatai នៃទីក្រុងណានជីង “Nanjing” ដែលជាទីក្រុងមានពលរដ្ឋរស់នៅជាង៨លាន ដែលស្ថិតនៅចម្ងាយប្រហែល២៦០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងសៀងហៃ ។
អាជ្ញាធរបានបញ្ជាក់ថា គិតត្រឹមម៉ោង៦ព្រឹក ត្រូវនឹងម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ ភ្លើងត្រូវបានពន្លត់ ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបញ្ចប់នៅម៉ោង២រសៀលថ្ងៃសុក្រ ។
ក្រុមសេវាសង្គ្រោះបន្ទាន់បានឲ្យដឹងថា រថយន្តពន្លត់អគ្គីភ័យចំនួន២៥គ្រឿងត្រូវបានចល័តដើម្បីជួយពន្លត់ភ្លើង ។
ខ្សែវីដេអូដែលចែកចាយនៅលើបណ្ដាញសង្គមរបស់ចិន បានបង្ហាញពីអគារខ្ពស់១កន្លែងត្រូវបានភ្លើងឆេះនៅពាក់កណ្តាលអធ្រាត្រ ដោយមានផ្សែងខ្មៅហុយចេញពីអគារនោះ ។
រូបភាពផ្សេងទៀតបង្ហាញពីអណ្តាតភ្លើងដ៏ខ្លាំងក្លាដែលកំពុងលេបត្របាក់អគារជាច្រើនជាន់ ពន្លឺភ្លើងនៃរថយន្តសង្គ្រោះបន្ទាន់ដែលអាចមើលឃើញនៅក្បែរនោះក្នុងស្ថានភាពងងឹត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា