ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចុះកិច្ចព្រមព្រៀងសន្តិសុខ ជាមួយអ៊ីតាលី និង កាណាដា

រូបភាព៖ RT News

បរទេស៖ មេដឹកនាំរបស់ប្រទេសអ៊ីតាលី និងកាណាដា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិសុខ ជាមួយអ៊ុយក្រែន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ពួកគេ ទៅកាន់ទីក្រុងគៀវកាលពីថ្ងៃសៅរ៍ ដែលជាការចាប់ផ្តើមនៃឆ្នាំទីបី នៃការប្រយុទ្ធគ្នារវាងអ៊ុយក្រែននិងរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និងប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky គឺទីក្រុង Ottawa នឹងផ្តល់ប្រាក់ចំនួន ៣,០២ ពាន់លានដុល្លារ “នៅក្នុងការគាំទ្រផ្នែកម៉ាក្រូសេដ្ឋកិច្ច និងយោធា” ។

ប្រទេសកាណាដាបានផ្តល់ជំនួយផ្នែកយោធាចំនួន ១,៧៨ ពាន់លានដុល្លារដល់ទីក្រុងគៀវ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយថ្មីៗនេះបានសន្យាថា នឹងផ្តល់យន្តហោះគ្មានមនុស្សបើក ពហុគោលបំណងជាង ៨០០ គ្រឿង ឱ្យអ៊ុយក្រែនថែមទៀត។

លោក Trudeau បាននិយាយក្នុងអំឡុងពេលជួបជាមួយលោក Zelensky ថា “យើងនឹងបន្តនៅទីនោះជាមួយអ្នក ដរាបណាអ៊ុយក្រែនត្រូវការ ជាមួយនឹងអ្វីគ្រប់យ៉ាងដែលទីក្រុងគៀវ ត្រូវការរហូតដល់អ៊ុយក្រែនឈ្នះ” ។

ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងរវាងលោក Zelensky និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni មិនត្រូវបានបង្ហាញជាសាធារណៈទេ ទោះបីជាមេដឹកនាំអ៊ុយក្រែន បាននិយាយថា វានឹងផ្តល់មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក៏ដោយ។ លោកបានបង្ហោះនៅលើ X (អតីត Twitter) កាលពីថ្ងៃសៅរ៍ថា “ខ្ញុំសូមអរគុណប្រទេសអ៊ីតាលីសម្រាប់ការគាំទ្រ របស់ខ្លួនចំពោះអ៊ុយក្រែន ជាពិសេសសមត្ថភាពការពារជាតិ និងការកសាងរដ្ឋរបស់យើងឡើងវិញ និងសម្រាប់ការបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន” ។

យ៉ាងណាក៏ដោយ បើយោងតាមវិទ្យាស្ថាន Kiel របស់ប្រទេសអាល្លឺម៉ង់ គឺ ប្រទេសអ៊ីតាលី បានអនុម័តកញ្ចប់ជំនួយយោធា ចំនួនប្រាំបី ដែលមានតម្លៃ ៧២២ លានដុល្លារចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២២៕

ប្រែសម្រួលៈ ណៃ តុលា

To Top