បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃសៅរ៍ថា ទីក្រុងមូស្គូគួរតែធ្វើការសងសឹកឱ្យខ្លាំងក្លា តាមដែលអាចធ្វើបានប្រឆាំងនឹង ប្រទេសលោកខាងលិច ចំពោះការដាក់ទណ្ឌកម្ម មិនរើសអើងរបស់ខ្លួន ដែលប៉ះពាល់ដល់ប្រជាជនធម្មតា ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Medvedev បានសរសេរនៅលើប៉ុស្តិ៍ Telegram របស់លោកថា ការរឹតត្បិតយ៉ាងខ្លាំងដែលដាក់លើប្រទេសរុស្ស៊ីគឺហួសពីការកំណត់គោលដៅត្រឹមតែ “អាជ្ញាធរ និងអាជីវកម្ម”។ “លោកខាងលិចបានតម្រង់ ទៅប្រជាជនរុស្ស៊ីទាំងមូល” ។
លោក Medvedev ដែលបច្ចុប្បន្ន បម្រើការជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ របស់រុស្ស៊ីបានអះអាងថា “ហេតុផលគឺច្បាស់លាស់៖ ពលរដ្ឋរុស្ស៊ីកាន់តែរងទុក្ខ នោះគឺវាកាន់តែល្អសម្រាប់ពិភពលោកខាងលិច” ។
លោក Medvedev បានលើកឡើងថា ទីក្រុងមូស្គូគួរតែដាក់ទណ្ឌកម្ម លើសត្រូវរបស់ខ្លួនដោយ “បង្កើតការលំបាកផ្សេងៗក្នុងសេដ្ឋកិច្ច បង្កការមិនពេញចិត្តជាសាធារណៈចំពោះគោលនយោបាយដ៏ល្ងង់ខ្លៅ របស់អាជ្ញាធរនៅលោកខាងលិច និងជំរុញការសម្រេចចិត្តអន្តរជាតិ ដែលធ្វើឱ្យប៉ះពាល់ ដល់ផលប្រយោជន៍របស់បស្ចិមប្រទេស”៕
ប្រែសម្រួលៈ ណៃ តុលា