ព័ត៌មានអន្តរជាតិ

គណបក្សភឿថៃ លើកឡើងពីរបៀបវារៈ​ ក្នុង​ដំណើរ​ទស្សនកិច្ច​ របស់​លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា នៅកម្ពុជា​ក្នុង​ខែ​មីនា

រូបភាព ៖ The Nstion

បរទេស៖ ​មេដឹកនាំគណបក្សភឿថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានទទួលយកការអញ្ជើញ របស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ហើយនឹងអញ្ជើញ ទៅព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅខែក្រោយ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Sorawong Thienthong អគ្គលេខាធិការគណបក្សភឿថៃ បាននិយាយកាលពីថ្ងៃសៅរ៍ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោកស្រី ផែតងតាន ក្នុងតួនាទីជាប្រធានគណបក្សប្រជាជនកម្ពុជា (CPP)។

លោក Sorawong បាននិយាយថា លោកស្រី ផែតងតាន ត្រូវបានអញ្ជើញក្នុងតួនាទីជាប្រធានគណបក្សកាន់អំណាចរបស់ប្រទេសថៃ ហើយត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរទស្សនៈជាមួយមេដឹកនាំរបស់ CPP ទាក់ទងនឹងការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៨-១៩ ខែមីនា លោកស្រី ផែតងតាន ត្រូវបានគេរំពឹងថា នឹងផ្តោតលើបញ្ហាដែលពាក់ព័ន្ធនឹងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា ដោយមិនមែននិយាយអំពីការគ្រប់គ្រងប្រទេសនោះទេ។

លោក Sorawong Thienthong បន្តថា «ទោះជាយ៉ាងណា ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក យើងនឹងឃើញកិច្ចប្រជុំរួមនៃគណៈរដ្ឋមន្ត្រីទាំងពីរនៅឆ្នាំនេះ។ ជំនួប​នោះ​នឹង​ពិភាក្សា​ពី​កិច្ចការ​រដ្ឋាភិបាល»។

នៅពេលសួរថាតើគណបក្សភឿថៃមានគម្រោងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសថៃ និងកម្ពុជាសម្រាប់ការអភិវឌ្ឍជាតិបន្ថែមទៀតឬយ៉ាងណានោះ លោកបាននិយាយថា គ្មានអ្វីត្រូវបានពិភាក្សាលើបញ្ហានេះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top