ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ២៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល លើទីក្រុងហ្គាហ្សា

AFP

ហ្គាហ្សា៖ ប្រភពវេជ្ជសាស្រ្ត និងសាក្សី ដែលឃើញផ្ទាល់ភ្នែកបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៥នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងទីក្រុងហ្គាហ្សា កាលពីថ្ងៃអាទិត្យ។

ប្រភពវេជ្ជសាស្ត្របានប្រាប់ស៊ីនហួថា មនុស្ស ១៥ នាក់ រួមទាំងកុមារត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីយន្តហោះចម្បាំង បានវាយប្រហារអគារលំនៅដ្ឋានមួយ នៅក្នុងសង្កាត់ Zaytoun ភាគខាងត្បូងនៃទីក្រុងហ្គាហ្សា។

យោងតាមប្រភពក្នុងស្រុក និងសាក្សី ដែលឃើញផ្ទាល់ភ្នែក យន្តហោះចម្បាំងបានបាញ់កាំជ្រួច ទៅលើផ្ទះបីជាន់ ដោយមិនមានការព្រមានជាមុន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមសារព័ត៌មានរដ្ឋ Kan TV របស់អ៊ីស្រាអែល កងទ័ពអ៊ីស្រាអែល បាននិងកំពុងធ្វើប្រតិបត្តិការនៅក្នុងសង្កាត់នេះ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ដែលជាកម្មសិទ្ធិរបស់ចលនាហាម៉ាស។

នៅថ្ងៃដដែលនោះ ជនជាតិប៉ាឡេស្ទីន ១០នាក់ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅលើផ្លូវឆ្នេរសមុទ្រភាគខាងលិច នៃទីក្រុងហ្គាហ្សា។

ប្រភព និងសាក្សីក្នុងតំបន់បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល បានបាញ់ផ្លោងកាំភ្លើងធំ និងបានធ្វើការវាយប្រហារ តាមអាកាសសំដៅទៅលើបុគ្គល ដែលកំពុងរង់ចាំរថយន្តជំនួយ ដោយបានសម្លាប់ពួកគេចំនួន ១០នាក់ និងផ្សេងទៀតរងរបួស៕

ប្រែសម្រួល ឈូក បូរ៉ា

To Top