ហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៨៦នាក់ និងរបួស ១៣១នាក់ផ្សេងទៀត នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ដោយបានបង្កើនចំនួនអ្នកស្លាប់សរុប នៅក្នុងឡោមព័ទ្ធ ដល់ ២៩,៦៩២នាក់ និងរបួសដល់ ៦៩,៨៧៩នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងហាម៉ាស។
ប្រភពបានកត់សម្គាល់ថា ជនរងគ្រោះជាច្រើននៅតែស្ថិតនៅ ក្រោមគំនរបាក់បែកដោយសារតែ ការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងការខ្វះខាតផ្នែកការពារស៊ីវិល និងក្រុមរថយន្តសង្គ្រោះ។
ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីន បានប្រាប់កាសែតស៊ិនហួ ឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ និងបួននាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល ទៅលើផ្ទះមួយក្នុងតំបន់ Al-Shaaf ភាគខាងកើតនៃទីក្រុងហ្គាហ្សា ។
ប្រភពបានបន្ថែមថា ការបាញ់ផ្លោងកាំភ្លើងធំ នៅលើផ្នែកខាងលិចនៃទីក្រុង Khan Younis និងសង្កាត់ Al-Sabra នៃទីក្រុងហ្គាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។
យោងតាមប្រភពសន្តិសុខប៉ាឡេស្ទីន បានឲ្យដឹងថា នៅក្នុងទីក្រុងភាគខាងជើង Beit Lahia ជនជាតិប៉ាឡេស្ទីន ៣នាក់ត្រូវបានសម្លាប់ និង ១០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានវាយលុកផ្ទះលំនៅដ្ឋានមួយកន្លែង ដោយមានមនុស្សមួយចំនួន នៅសេសសល់នៅក្រោមគំនរបាក់បែក ៕
ប្រែសម្រួល ឈូក បូរ៉ា