វៀងច័ន្ទ៖ ទូរទស្សន៍សន្តិសុខសាធារណៈឡាវបានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មី នៅក្នុងប្រទេសឡាវ បានកើនឡើងជាលំដាប់ ដែលមួយផ្នែកដោយសារ តែការខ្វះជំនួយផ្នែកហិរញ្ញវត្ថុ ពីបរទេស ។
លោក Bounfeng Phoummalaysith រដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវ បានប្រាប់កិច្ចប្រជុំថ្នាក់ជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ថា កង្វះជំនួយថវិកាពីបរទេស គឺជាមូលហេតុចម្បងមួយ ដែលធ្វើឲ្យវិស័យសុខាភិបាល នៅក្នុងប្រទេសឡាវបរាជ័យ ក្នុងការអនុវត្តផែនការណាមួយ ទាក់ទងនឹងមេរោគអេដស៍ រឺជំងឺអេដស៍ ។
នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើង នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅនេះ មជ្ឈមណ្ឌលសម្រាប់មេរោគអេដស៍/ ជំងឺអេដស៍/កាមរោគ ដែលស្ថិតនៅក្រោមឳវាទ ក្រសួងសុខាភិបាល បានរាយការណ៍មកថា មានការឆ្លងមេរោគអេដស៍ថ្មីចំនួន២.០៦៦នាក់ត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៣ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុប មានរហូតដល់២០.៦៨៨នាក់ និងចំនួន៧.០៥៩នាក់បានវិវត្តទៅជាជំងឺអេដស៍ ៕
ដោយ៖ ម៉ៅ បុប្ផាមករា