ព័ត៌មានអន្តរជាតិ

ជនសង្ស័យ៥នាក់ ដែលបានបាញ់សម្លាប់ជនជាតិតៃវ៉ាន់ ចំក្បាលជាច្រើនគ្រាប់ បានភៀសខ្លួនចូលមកកម្ពុជា

រូបភាពពី៖​ Bangkok Post

បរទេស៖ ប៉ូលីសថៃបាននិយាយថា ពួកគេបានរកឃើញភ័ស្តុតាងដែលថា បុរសតៃវ៉ាន់ ៤នាក់ និងស្ត្រីជនជាតិថៃម្នាក់ ត្រូវបានចោទប្រកាន់ថា បានសម្លាប់បុរសតៃវ៉ាន់ម្នាក់ទៀត ដែលសាកសពត្រូវបានរកឃើញនៅក្នុងតូបលក់ដូរមួយកន្លែងក្បែរអាកាសយានដ្ឋានសុវណ្ណភូមិ កាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលិសបាននិយាយកាលពីម្សិលមិញថា ជនសង្ស័យទាំងអស់បានរត់មកកម្ពុជាកាលពីល្ងាចថ្ងៃអាទិត្យ។

លោកវីរៈសេនីយ៍ Napatpong Supaporn ប្រធានអន្តោប្រវេសន៍ខេត្តសាកែវ បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតក្នុងខេត្ត សាមុត ប្រាកាន បានស្នើឱ្យប៉ូលិសអន្តោប្រវេសន៍ខេត្តសាកែវនៅល្ងាចថ្ងៃអាទិត្យ ដើម្បីឃ្លាំមើលជនសង្ស័យទាំងប្រាំនាក់ ដែលបានចោទប្រកាន់ថា បានសម្លាប់ជនជាតិតៃវ៉ាន់ឈ្មោះ Shih Mou Chiang អាយុ ៤៤ ឆ្នាំកាលពីថ្ងៃអាទិត្យ។

លោកវីរៈសេនីយ៍ Napatpong បាននិយាយថា កាមេរ៉ាសុវត្ថិភាពថតបានបង្ហាញពីជនសង្ស័យទាំង ៥ នាក់ មកដល់ខេត្តសាកែវ តាមរថយន្តក្រុងនៅម៉ោងប្រហែល ៤ រសៀលថ្ងៃអាទិត្យ ហើយប្រើលិខិតឆ្លងដែនឆ្លងទៅប៉ោយប៉ែត ប្រទេសកម្ពុជា តាមច្រកទ្វារអា Aranyaprathet នៅម៉ោងប្រហែល ៦ ល្ងាចថ្ងៃដដែលនោះ។ លោកបន្តថា ប៉ូលិសអន្តោប្រវេសន៍មិនបានឃាត់ពួកគេទេ ខណៈពេលនោះក៏មិនមានដីកាចាប់ខ្លួនដែរ។

សមត្ថកិច្ចខេត្តសាកែវ បានដឹងថា ជនសង្ស័យបានទៅចូលលេងកាស៊ីណូមួយនៅក្រុងប៉ោយប៉ែត វេលាម៉ោងប្រហែល៧និង៣០នាទីយប់ ហើយម៉ោងប្រហែល៩យប់ ពួកគេបានជួលរថយន្តតាក់ស៊ីមួយគ្រឿង ហើយធ្វើដំណើរឆ្ពោះទៅភ្នំពេញ។ អ្នកស៊ើបអង្កេតកំពុងរង់ចាំព័ត៌មានពីអាជ្ញាធរកម្ពុជាថាតើជនសង្ស័យបានចាកចេញពីប្រទេសកម្ពុជាឬយ៉ាងណា។

ប្រភពពីប៉ូលីសថៃបាននិយាយថា ជនរងគ្រោះត្រូវបានគេបាញ់ចំក្បាលជាច្រើនគ្រាប់ នៅផ្ទះមួយក្នុងតំបន់ Lat Plakhao នៃខណ្ឌ Lat Phrao ក្នុងទីក្រុងបាងកក។ ផ្ទះនេះជាកម្មសិទ្ធិរបស់ជនជាតិថៃដែលសព្វថ្ងៃរស់នៅតៃវ៉ាន់ ហើយត្រូវបានជួលដោយស្ត្រីជនជាតិថៃម្នាក់ ដែលស្ថិតក្នុងចំណោមជនសង្ស័យទាំង៥នាក់កាលពីប្រហែល២ខែមុន៕ ប្រែសម្រួលៈ ណៃ តុលា

To Top